លទ្ធផលកិច្ចប្រជុំចរចាជុំទី២ រវាងកម្ពុជា-សហរដ្ឋអាមេរិក ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ
ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា នាថ្ងៃទី៤ ដល់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី២ ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និង សហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាង ពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥បានឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំចរចាជុំទី២ នេះ ភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគា្នលើបញ្ញត្តិជាច្រើន។ ភាគីទាំងពីរ គ្រោងនឹងរៀបចំកិច្ចប្រជុំចរចាជុំទី៣ នាពេលឆាប់ៗខាងមុខនេះ ដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន។ រាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្ត ធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕
ដោយ៖មុនី
