អនាគតរបស់កីឡាករ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់គ្រូបង្វឹក
(ភ្នំពេញ)៖ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបាន ថ្លែងថា អនាគតរបស់អត្តពលិក គឺស្ថិតនៅក្នុងកណ្ដាប់ដៃ របស់គ្រូបង្វឹក ព្រោះថា គ្រូបង្វឹកគឺជាអ្នកកែច្នៃ ជាអ្នកធ្វើឲ្យសិស្សដណ្ដើមបានជោគជ័យ នៅក្នុងការប្រកួត។ គ្រូ ជាអ្នកជួយឲ្យ អត្តពលិក អភិវឌ្ឍជំនាញបច្ចេកទេសរបស់ខ្លួន ឲ្យមានស្មារតីប្រយុទ្ធមោះមុត មានកាយសម្បទាសមរម្យ និង រឹងមាំ ។

ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសបិទសិក្ខាសាលា ”ស្តីពីការរៀបចំទ្រឹស្តីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថិភាព គ្រូបង្វឹក គ្រូ ជំនួយក្រុមកីឡាជម្រើសជាតិ និងក្រុមកីឡាថ្នាល” នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡា ។

ឯកឧត្តមបានបញ្ជាក់ថា ក្រៅពីសិក្សាផ្នែកទ្រឹស្ដី គ្រូបង្វឹកត្រូវសិក្សាស្វែងយល់ពីខាងក្រៅបន្ថែមទៀត ជាមួយនិង ការអនុវត្ថជាក់ស្ដែង ដើម្បីចេះរៀបចំច្នៃប្រឌិតការបង្វឹក ពិសេសការប្រកួត ឲ្យសមស្របទៅនឹងស្ថានភាព ជាក់ស្ដែងដើម្បីយកប្រៀបលើគូប្រកួត ព្រោះថា គ្រូបង្វឹក គឺជាអ្នកចែករំលែកនូវចំណេះដឹងដល់គេ ហើយសម្រាប់កីឡាមិនត្រឹមតែចែករំលែកនូវចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចេះបង្ហាញនូវការអនុវត្តលើទីលានបន្ថែមទៀត ដើម្បីឲ្យសិស្សរបស់ខ្លួនមានកម្រិតសមត្ថភាពកាន់តែប្រសើរឡើង។
ឯកឧត្តម អនុដ្ឋលេខាធិការ បន្ដថា សិក្ខាសាលារយៈពេល៤ថ្ងៃនេះ គឺជាមូលដ្ឋាននៃចំណេះដឹង ថ្មី បន្ថែមទៀត សម្រាប់ដុះខាត់ទេពកោសល្យ និងសមត្ថភាពគ្រូបង្វឹក ដើម្បីជួយដល់ កីឡាករ កីឡាការិនីឲ្យអភិវឌ្ឍខ្លួន ទៅកាន់កំរិតបច្ចេកទេស ខ្ពស់មួយ នាពេលខាងមុខ ពោលគឺគ្រូល្អ សិស្សក៏ល្អតាមនោះដែរ។

ចំណែក លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡា បានឲ្យដឹងថា សិក្ខាសាលា”នេះ ធ្វើឡើងរយៈពេល ០៤ថ្ងៃ សិក្សា លើមុខវិជ្ជាចិត្តសាស្រ្តកីឡា, ការព្យាបាលដោយចលនា និងស្តារនិតិកាយសម្បទា,អាហាររូបត្ថម និងសុវត្ថិភាពចំណីអាហារ, ផ្នែកសង្គ្រោះបត្ថម្ភក្នុងពេលហ្វឹកហាត់ និងពេលប្រកួត, ការ រៀបចំផែនការ និងទ្រឹស្តីការហ្វឹកហាត់របស់គ្រូបង្វឹក,និង ការយល់ដឹងដូប៉ា/ដូពីង របស់គ្រូបង្វឹក, ។
លោក ប្រធានមជ្ឈមណ្ឌល បញ្ជាក់ថា វគ្គនេះរៀបចំឡើងដើម្បីពង្រឹងបន្ថែម ចំណេះដឹង និងចែករំលែកបទពិសោធន៍ថ្មីៗ ដល់លោកគ្រូ ង្វឹកគ្រូជំនួយ ក្នុងការរៀបចំផែនការបង្វឹក ដល់កីឡាករ កីឡាការិនីក្រុមកីឡាថ្នាល និងកីឡាជម្រើសជាតិ ទទួលបានគុណផលខ្ពស់ ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ និងប្រកួតកីឡាអន្តរជាតិនានា៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ
