បិទវគ្គអប់រំនយោបាយរបស់គណបក្សខេត្ត ជំនាន់ទី៣៥ សម្រាប់មន្ត្រីគណបក្ស ការិយាល័យ អង្គភាពថ្នាក់ក្រុង និងសង្កាត់ នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល
(ខេត្តកណ្តាល)៖ សិក្ខាកាមចំនួន ១០០នាក់ ជាមន្ត្រីគណបក្ស ប្រជាជន មន្ត្រីការិយាល័យ អង្គភាពថ្នាក់ក្រុង និងសង្កាត់ នៅក្រុងអរិយក្សត្រ បានបញ្ចប់វគ្គអប់រំនយោបាយរបស់គណបក្សខេត្តជំនាន់ទី៣៥ បន្ទាប់ពីបានសិក្សាអស់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ។
ខណៈអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គ និងផ្តល់ វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ជាប ដាវុធ អនុប្រធាន ក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកល្វាឯម និងក្រុងអរិយក្សត្រនឹង ជាប្រធានចលនាយុវជនក្រុងអរិក្សត្រ និងស្រុកល្វាឯម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ និងស្រុកល្វាឯម បានផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមពិចារណា ច្នៃប្រឌិត អនុវត្ត រាល់ភារកិច្ចប្រកបដោយប្រសិទ្ធភាព ស្របតាមលក្ខណៈជាក់ស្តែង នៃគណៈកម្មាធិការគណបក្ស មូលដ្ឋាន សាខាបក្ស អង្គភាពនីមួយៗ រួមមាន៖
១-ក្តាប់ជាប់គោលការណ៍ដឹកនាំរបស់គណបក្ស គឺសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិច គោរពភាគច្រើន អនុវត្តរបៀបរបបការងាររបស់គណបក្សឱ្យបានម៉ត់ចត់ ប្រកាន់ខ្ជាប់អាកប្បកិរិយា រាបសារចាស់ទុំខាងនយោបាយ ប៉ុន្តែត្រូវតែម៉ឺងម៉ាត់ រឹងមាំខាងគោលជំហរ និងគោរពច្បាប់។
២-ធ្វើគំរូល្អដល់ថ្នាក់ក្រោម គឺគំរូក្នុងការគោរពលក្ខន្តិកៈរបស់គណបក្ស និងច្បាប់របស់រដ្ឋ គំរូល្អក្នុង ការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស គំរូល្អក្នុងការងារ និងគំរូល្អក្នុងជីវភាពរស់នៅ។
៣-យកចិត្តទុកដាក់ចូលរួមជាមួយអង្គការចាត់តាំងគណបក្សនៅថ្នាក់របស់ខ្លួន ដើម្បីបន្តពង្រឹង និងពង្រីកអង្គការចាត់តាំងគណបក្ស មន្ត្រី និងសមាជិកគណបក្សទាំងបរិមាណ និងគុណភាព ទាំង នយោបាយ សតិអារម្មណ៍ និងចាត់តាំង ឱ្យឆ្លើយតបទៅនឹងសំណូមពរនៃការកិច្ចរបស់គណបក្សក្នុង ដំណាក់កាលបច្ចុប្បន្ន ក៏ដូចទៅអនាគត។
៤-បន្តរៀនសូត្រ និងដុសខាត់នូវចំណេះដឹងរបស់ខ្លួនឱ្យបានជាប្រចាំតាមស្មារតី “រៀនហើយរៀន ទៀត រៀនមួយជីវិត” ។ ទន្ទឹមនេះ សូមយកចំណេះដឹងដែលទទួលបានពីវគ្គអប់រំនយោបាយនេះ ទៅ ជួយដល់គណៈកម្មាធិការគណបក្ស សាខាបក្ស នៅថ្នាក់របស់ខ្លួន ដើម្បីអប់រំបន្តដល់មន្ត្រី និងសមាជិក របស់គណបក្សក្នុងអង្គភាពរបស់ខ្លួន ដែលពុំទាន់បានទទួលការអប់រំនយោបាយនៅឡើយ ឱ្យបានយល់ ដឹងស្របតាមស្ថានភាព និងលទ្ធភាពជាក់ស្តែងនៃកន្លែងនីមួយៗ។
៥-ចូលរួមតាមដានក្តាប់ឱ្យជាប់រាល់សកម្មភាពខុសច្បាប់នានា ដែលកើតមាននៅតាមមូលដ្ឋាន ហើយផ្តល់មតិ ឬក៏ចូលរួមដោះស្រាយបញ្ហាទាំងអស់នោះ ដោយប្រើវិធានការអប់រំ វិធានការរដ្ឋបាល និង វិធានការច្បាប់។ ជាមួយនេះ ក្តាប់ជាប់សកម្មភាពរបស់ពួកប្រឆាំងជ្រុលនិយម និងពួកមជ្ឈដ្ឋានអមិត្ត ដែលធ្វើការវាយប្រហារមកលើគណបក្ស ថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល ដោយត្រូវអនុវត្តនូវ វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ មុតស្រួច និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
៦-បន្តចូលរួមយ៉ាងសកម្មក្នុងការចលនាទាក់ទាញកម្លាំងពីគណបក្សផ្សេងៗ នៅតាមមូលដ្ឋាន ដែលយើងកំពុងរស់នៅ ឬនៅតាមភូមិ សង្កាត់ដែលយើងកំពុងបំពេញការងារក្តី ឱ្យងាកមកគាំទ្របុព្វ ហេតុត្រឹមត្រូវ និងយុត្តិធម៌របស់គណបក្សប្រជាជនកម្ពុជាយើង និងរាជរដ្ឋាភិបាលវិញ ហើយត្រូវថែបំប៉ន ស្មារតីរបស់គេឱ្យបានគត់មត់ និងត្រូវសហការជាមួយគណបក្សមូលដ្ឋាន ចាត់តាំងរៀបចំបញ្ចូលគេ ជា សមាជិកគណបក្សយើងស្របគោលការណ៍គណបក្ស។
៧-ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំដាច់ខាតក្នុងគ្រប់ស្ថានភាព និងគ្រប់ កាលៈទេសៈទាំងអស់ ដោយប្រកាន់ខ្ជាប់នូវគោលជំហរ “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់” ហើយលើក កម្ពស់ ស្មារតីប្រុងប្រយ័ត្ន និងប្រឆាំងដាច់ខាតចំពោះរាល់ឧបាយកល ល្បិចកលបំបែកបំបាក់ផ្ទៃក្នុង គណបក្សយើង។
ទន្ទឹមនេះ ឯកឧត្តម ជាប ដាវុធ ក៏សូមដាស់តឿន ក្រើនរំលឹក និងណែនាំដល់សិក្ខាកាមគ្រប់រូប ក៏ដូចសមាជិកគណបក្ស ទាំងមូល សូមរួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញការដឹកនាំរបស់គណបក្ស ដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជុំវិញការដឹកនាំរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីបន្តការពារ កសាង និងអភិវឌ្ឍប្រទេសជាតិយើង ឱ្យរីកចម្រើនជឿនលឿនទៅមុខជាដរាប ដោយគ្មានការកើតឡើង វិញនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀត ៕





ប្រភព ៖ ព័ត៌មានខេត្តកណ្តាល