រដ្ឋបាលខេត្តកំពង់ធំប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ឆ្នាំ២០២៥
កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំដែលមានមន្ទីរបរិស្ថានជាសេនាធិការបានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនាក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយសំណល់ប្លាស្ទិក»។ ដោយមានការអញ្ជើញចូលរួមពីលោក ជា ចាន់ អភិបាលរងខេត្តតំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។
កម្មវិធីដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា គឺជាឱកាសដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សាធារណជនអំពីសារៈសំខាន់នៃការកាត់បន្ថយសំណល់ប្លាស្ទិក និងការប្រើប្រាស់ជំនួសដោយវត្ថុធាតុបរិស្ថាន។
ទាក់ទងនឹងវិស័យបរិស្ថាននេះដែរ លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឱ្យដឹងថាមន្ទីរបានដាក់ផែនការបណ្តុះកូនឈើចំនួន ១០ម៉ឺនដើមក្នុងមួយឆ្នាំ។ សម្រាប់ឆ្នាំ២០២៥នេះ មន្ទីរបានបណ្តុះចំនួន ១០១.០០០ ដើមដែលមានប្រភេទឈើព្រៃ ឈើហូបផ្លែ ឈើលម្អ និងត្នោត។ដោយក្រសួងបរិស្ថានក៏បានដាក់ចេញយុទ្ធនាការសំខាន់ ៣ ចំនួន ដើម្បីលើកកម្ពស់ការយល់ដឹង និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃគឺ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»,«កម្ពុជាស្អាត ខ្មែរធ្វើបាន» និង«ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក»។
ចំណែកលោក ជា ចាន់ អភិបាលរងខេត្តបានគូសរំលេចថា ការចូលរួមរបស់សិស្សានុសិស្ស គ្រួសារ សហគមន៍ និងអាជីវករ គឺជាចំណុចសំខាន់ដើម្បីជំរុញការអនុវត្តវិធានការទាក់ទងនឹងបរិស្ថាន៕


ដោយ៖ប៊ុនរដ្ឋា