ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ៖ កងទ័ពត្រូវស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាល និងហ៊ានពលិកម្មដើម្បីជាតិមាតុភូមិ
(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានគូសបញ្ជាក់ថា មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគពិសេសទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ការពាររដ្ឋធម្មនុញ្ញ ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដី ហ៊ានពលិកម្មគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ និងប្រជាជន ។
ប្រសាសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍ប្រចាំខែមិថុនា និងទិសដៅបន្ត ខែកក្កដា ឆ្នាំ២០២៥ របស់យោធភូមិភាគពិសេស នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានសង្កត់ធ្ងន់ថា៖ កងទ័ពត្រូវគោរពឲ្យបានដាច់ខាតនូវវិន័យ របស់កងយោធពលខេមរភូមិន្ទ បទបញ្ជា សារាចរ សេចក្តីណែនាំរបស់ថ្នាក់លើ ក្រឹត្យច្បាប់របស់រដ្ឋ ត្រូវមានសីលធម៌ល្អ អត្តចរិកស្លូតបូត សុភាពរាបសារ ម៉ឹងម៉ាត់សាកសមជាកងយោធពលខេមរភូមិន្ទ និងជាអ្នកបន្តវេនដ៏ល្អ។ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកស្មារតី និងឧត្តមគតិស្នេហាជាតិ ហើយគាំទ្រយ៉ាងពេញទំហឹង នូវអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ដោយមិនឱនក្បាលប្ដូរយកជំនួយរបស់បរទេសឡើយ។
នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានផ្សព្វផ្សាយនូវសភាពការណ៏នៅតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសតំបន់៤រួមមាន៖ តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី រួមទាំងការប្ដឹងរបស់រាជរដ្ឋាភិបាលកម្ពុជាទៅតុលាការយុត្តិធម៌.អន្តរជាតិ ( អាយស៊ីជេ ICJ ) នៅទីក្រុងឡាអេ ។
ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានក្រើនរំលឹកដល់ នាយ-ពលទាហានត្រូវជៀសឲ្យឆ្ងាយពីការជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន ដែលនាំអោយមានផល ប៉ះពាល់ដល់កិត្តិយស កងយោធពលខេមរភូមិមិន្ទ។ ត្រូវមានសាមគ្គីភាពល្អជាមួយយុទ្ធមិត្តនូវគ្រប់ភារកិច្ច សហាការជាមួយអាជ្ញាធរដែនដី កំលាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព តាមគោលការណ៏របស់រាជរដ្ឋាភិបាល។
ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានផ្តាំផ្ញើដល់នាយ-ពលទាហានត្រូវបន្តរក្សាអនាម័យឲ្យបានល្អ ត្រូវមានអនាម័យ ត្រូវហូបស្អាត និងរស់នៅស្អាត ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងបង្ការជំងឺឆ្លងផ្សេងៗ តាម ការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ឲ្យបានត្រឹមត្រូវ ព្រោះពេលនេះរដូវវស្សាឈានចូលមកដល់ហើយ ៕



ដោយ ៖ ង៉ាន់ ទិត្យ