អភិបាលខេត្តកំពង់ធំអញ្ជើញពិនិត្យស្ថានភាពដំណាំស្រូវរងគ្រោះដោយទឹកជំនន់នៅស្រុកកំពង់ស្វាយ
កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់ទឹកភ្លៀងដើមរដូវវស្សា ដែលបានជន់លិចដំណាំស្រូវនៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងសកម្មភាពកាលពីថ្ងៃទី១១ ខែមិថុនា ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមមន្ត្រីឱ្យរៀបចំផែនការដើម្បីស្នើសុំអន្តរាគមន៍លើស្រូវពូជ សម្រាប់ចែកជូនប្រជាកសិករ ដើម្បីជួយឱ្យពួកគេអាចស្តារឡើងវិញបន្ទាប់ពីទឹកស្រក។ ព្រមជាមួយនេះឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្រជាកសិករ ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការបង្កើនផលិតភាពស្រូវ និងពិចារណាដាំដំណាំបន្ថែមផ្សេងទៀត។
រដ្ឋបាលស្រុកកំពង់ស្វាយបានរាយការណ៍ថា ឃុំដែលរងផលប៉ះពាល់ដោយទឹកជំនន់មានផ្ទៃដីស្រូវសរុបជាង២៦ហិកតាក្នុងនេះមានស្រូវវស្សាជាង១៤ ហិកតា និងស្រូវស្រាលជាង ១១ ហិកតា។ ចំណែកផ្ទៃដីដែលរងផលប៉ះពាល់ មានចំនួន ៦៣៨ ហិកតា និង ៥៤៦ គ្រួសារបានរងការប៉ះពាល់ដោយផ្ទាល់៕
ដោយ៖ប៊ុនរដ្ឋា