អ៊ីរ៉ង់គំរាមវាយមូលដ្ឋានយោធាអាមេរិក បើសិនជម្លោះផ្ទុះឡើង
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធ បានព្រមានកំណត់គោលដៅវាយប្រហារមូលដ្ឋានយោធាអាមេរិកក្នុងតំបន់ បើសិនជម្លោះផ្ទុះឡើង ស្របពេលដែលលោកប្រធានាធិបតី Donald Trump និយាយថា លោកមិនសូវមានទំនុកចិត្តឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើយ។
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បានថ្លែងគំរាមធ្ងន់ៗថា មូលដ្ឋានអាមេរិកទាំងអស់ស្ថិតនៅក្នុងដៃរបស់យើង… យើងអាចចូលទៅដល់ទីនោះ ហើយក៏មិនស្ទាក់ស្ទើរនឹងកំណត់គោលដៅវាយលុកមូលដ្ឋានទាំងនេះដែរ។
យ៉ាងណា ប្រមុខការពារជាតិអ៊ីរ៉ង់រូបនេះបានលើកឡើងថា ដោយសារព្រះសព្វព្រះហឫទ័យ អ្វីៗនឹងមិនឈានដល់ចំណុចនោះទេ ហើយកិច្ចពិភាក្សានឹងទទួលបានជោគជ័យ ប៉ុន្តែលោកបានព្រមានទុកមុនថា ភាគីអាមេរិកនឹងខាតបង់ធ្ងន់ធ្ងរបំផុត ប្រសិនបើរឿងនោះកើតឡើង។
អាមេរិកមានមូលដ្ឋានយោធាជាច្រើននៅតំបន់មជ្ឈិមបូព៌ា ដោយមានទីតាំងធំជាងគេនៅប្រទេសកាតា។ ថ្មីៗនេះ អ៊ីរ៉ង់ និងអាមេរិកបានជាប់គាំង ហើយកំពុងប្រឈមមុខដាក់គ្នាផ្នែកការទូត ទាក់ទិនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ដោយទីក្រុងតេហេរ៉ង់បានការពារបញ្ហានេះថា ជាសិទ្ធិ “មិនអាចចរចាបាន” ខណៈទីក្រុងវ៉ាស៊ីនតោនបានហៅវាថា ជា “បន្ទាត់ក្រហម”។
បច្ចុប្បន្ននេះ អ៊ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ទៅ ៦០ភាគរយ លើសពីដែនកំណត់ ៣.៦៧ភាគរយដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ ហើយបើឈានដល់ ៩០ភាគរយ នោះអ៊ីរ៉ង់នឹងមានសមត្ថភាពផលិតក្បាលគ្រាប់នុយក្លេអ៊ែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា