សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាសម្រេចឧបត្ថម្ភថវិកាចំនួន ១៥០លានរៀល ជូនសាខាកាក​បាទក្រហមកម្ពុជាខេត្ត​ប៉ៃលិននិង ខេត្តព្រះវិហារ ដើម្បីជីកអណ្តូងទឹកស្អាតនិងឧបត្ថម្ភស្បៀង

ភ្នំពេញ៖ក្នុងថ្ងៃតែមួយសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេច​ឧបត្ថម្ភ​ថវិកាចំនួន ១៥០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីជីកអណ្តូងទឹកស្អាតនិង​សាខាកាក​បាទក្រហមកម្ពុជាខេត្ត​ព្រះវិហារដើម្បីឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋមួយពាន់គ្រួសារ។

លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់កាកបាទក្រហមកម្ពុជានៅថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៥ បានឱ្យដឹងថា ​ឆ្លើយតបតាម​សំណើរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នៅថ្ងៃទី១២ ខែមិថុនានេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកាចំនួន ១០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីជីកអណ្តូង​ទឹកស្អាតជូនគ្រួសារសមរភូមិមុខ និងប្រជាពលរដ្ឋ​នៅតាម​ព្រំដែន ដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។

នៅថ្ងៃទី១២ ខែមិថុនានេះដែ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានសម្រេចឧបត្ថម្ភជាលើកទី២ នូវថវិកា ៥០លាន​រៀលទៀត ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងអំណោយ​មនុស្សធម៌មួយពាន់​គ្រួសារទៀត សម្រាប់ចែកជូន​ប្រជាពលរដ្ឋរងគ្រោះបំផុត។
អំណោយជាស្បៀងនិងសម្ភារ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា នាំយកទៅចែកជូនប្រជាពលរដ្ឋទាំងមួយពាន់​គ្រួសារ នៅថ្ងៃទី១២-១៣ ខែមិថុនាដែលក្នុងនោះមាន ស្រុកជាំក្សាន្ត​ចំនួន ៤០៩គ្រួសារ, ស្រុកគូលែន ២៩៩គ្រួសារ និងស្រុកសង្គមថ្មី ២៩២គ្រួសារ ហើយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូ​ក្រាម, មីមួយកេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា)មួយ​កញ្ចប់ និងទឹកស៊ីអ៊ីវប្រាំមួយដប។

គួររំលឹកថា ការឧបត្ថម្ភលើកទី១ កាលពីថ្ងៃទី២២ ខែមេសាកន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥០លានរៀល និងស្បៀង-សម្ភារចំនួន ៥០០គ្រួសារ ជូនដល់​សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រួចមកហើយ សម្រាប់​ចែកជូនប្រជាពលរដ្ឋដែលបានចល័តទៅរកតំបន់សុវត្ថិភាព ក្រោយពីមាន​ការប៉ះទង្គិចគ្នានៅតំបន់មុំបីកន្លងទៅ និងសម្រាប់​ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផ្សេងៗទៀត៕
ដោយ៖គ្រីសម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner