លោក Trump សរសើរលោក Musk ក្រោយដឹងខ្លួនខុស

បរទេស៖ សេតវិមានបាននិយាយថា លោក Trump ‘កោតសរសើរ’ បន្ទាប់ពី លោក Elon Musk សោកស្តាយចំពោះការរិះគន់ របស់លោក លើប្រធានាធិបតី។

លេខាធិការសារព័ត៌មាន លោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា ប្រធានាធិបតីអាមេរិក លោក Donald Trump “កោតសរសើរ” ចំពោះការបង្ហាញ ពីការសោកស្តាយ របស់លោក Elon Musk ដែលបានរិះគន់ នាពេលថ្មីៗនេះ នៅក្នុងការផ្ទុះឡើង នូវជម្លោះពាក្យសម្តី ជាសាធារណៈ រវាងពួកលោក ទាំងពីរ។

លោកស្រី Karoline Leavitt ថា «ប្រធានាធិបតី បានទទួលស្គាល់ សេចក្តីថ្លែងការណ៍ ដែល Elon បានដាក់ចេញ នៅព្រឹកនេះ ហើយគាត់ពិតជា កោតសរសើរចំពោះការថ្លែងនេះ» លោកស្រី បន្ថែមថា «គ្មានកិច្ចខិតខំប្រឹងប្រែង» ត្រូវបានធ្វើឡើង លើការគំរាមកំហែងដោយ លោកTrump ដើម្បីបញ្ចប់កិច្ចសន្យារដ្ឋាភិបាល ជាមួយលោក Musk នោះទេ។

នៅលើបណ្តាញសង្គម X កាលពីថ្ងៃពុធ លោកមហាសេដ្ឋី Elon Musk បង្ហោះថា លោកសោកស្តាយ ចំពោះការនិយាយរិះគន់ ចំពោះរូបលោក ប្រធានាធិបតីអាមេរិក Donald Trump នាពេលកន្លងមក។ ការប្រកាស ហាក់ដឹងខ្លួនខុស របស់លោក Musk បែបនេះ បានកើតឡើង បន្ទាប់ពី រយៈពេលប្រមាណ មួយសប្តាហ៍ ដែលទំនាក់ទំនងរបស់លោកជាមួយលោក Trump បានបែកបាក់ ប្រកាសជាសាធារណៈ។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX រូបនេះ បានរិះគន់ ម្តងហើយម្តងទៀត អំពីច្បាប់ថវិកា របស់លោក Trump។

ជាការកត់សម្គាល់ ចាប់តាំងពីជម្លោះបានចាប់ផ្តើមមក លោក Musk បានលុបការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយ សង្គមមួយចំនួន ដែលធ្លាប់រិះគន់ លោក Trump។ ប្រភពជិតស្និទ្ធនឹង លោក Musk បាននិយាយថា កំហឹងរបស់លោក មហាសេដ្ឋី រូបនេះ បានចាប់ផ្តើមធូរស្រាល ហើយពួកគេជឿថា លោកប្រហែលជាចង់ជួសជុលទំនាក់ទំនង ជាមួយនឹងលោក Trump ឡើងវិញ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner