ឥណ្ឌូនេស៊ីចាយ ១០ពាន់លានដុល្លារទិញយន្តហោះចម្បាំងតួកគី
អង់ការ៉ា ៖ ឥណ្ឌូនេស៊ីនឹងទិញយន្តហោះចម្បាំងជំនាន់ទី៥ Kaan ចំនួន ៤៨គ្រឿងពីតួកគី នៅក្នុងកិច្ចព្រមព្រៀងមានតម្លៃជាង ១០ពាន់លានដុល្លារ នេះបើតាមការប្រកាសរបស់លោកប្រធានាធិបតីតួកគី Recep Tayyip Kip កាលពីថ្ងៃពុធ។
កិច្ចព្រមព្រៀងនេះ ត្រូវបានស៊ីញ៉េនៅឯពិព័រណ៍ការពារជាតិ Indo Defense 2025 ក្នុងទីក្រុងហ្សាកាតា ហើយវានឹង មាន រយៈពេល ១០ឆ្នាំ ដែលរួមបញ្ចូលទាំងការសហការផលិតយន្តហោះចម្បាំង Kaan ទាំងនៅតួកគី និងឥណ្ឌូនេស៊ី។
យន្តហោះចម្បាំងជំនាន់ទី៥ KAAN បានបញ្ចប់ការហោះហើរលើកដំបូងដោយជោគជ័យនៅឆ្នាំ ២០២៤។ ហើយមួយគ្រឿងដំបូង ត្រូវបានរំពឹងថា នឹងចែកចាយនៅឆ្នាំ២០២៨។
បើតាមលោក Yusuf Akbaba អ្នកជំនាញផ្នែកឧស្សាហកម្មការពារជាតិតួកគី ប្រទេសជាច្រើនមានដូចជាកាតា អាស៊ែបៃហ្សង់ និងអារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀតក៏កំពុងពិចារណាទិញយន្តហោះចម្បាំង Kaan ផងដែរ។
តួកគីកំពុងប្រឹងប្រែងអភិវឌ្ឍយន្តហោះជំនាន់ទី៥ ចាប់តាំងពីឆ្នាំ២០១០ ហើយគម្រោងនេះត្រូវបានពន្លឿន ក្រោយទីក្រុងអង់ការ៉ាត្រូវដកចេញពីកម្មវិធីយន្តហោះចម្បាំងបំបាំងកាយ F-35 ដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ព្រោះរឿងទិញប្រព័ន្ធមីស៊ីល S-400 ផលិតដោយរុស្ស៊ី។
រីឯឧស្សាហកម្មអាកាសចរណ៍តួកគី (TAI) ដែលជាអ្នកដឹកនាំគម្រោងផលិតយន្តហោះ Kaan មានបំណងបញ្ជូនយន្តហោះដំបូងទៅកាន់កងទ័ពអាកាសតួកគីនៅចុងឆ្នាំ២០២៨ ទោះបីជាអ្នកវិភាគមួយចំនួនបានព្យាករថា វាអាចនឹងពន្យារពេលដល់ឆ្នាំ២០៣០ ក៏ដោយ។
យ៉ាងណា យន្តហោះចម្បាំង Kann Block-1 ចំនួន ១០គ្រឿងដំបូង ត្រូវបានរំពឹងថា គ្រោងនឹងបញ្ជូនទៅកាន់កងទ័ពអាកាសតួកគីនៅចន្លោះឆ្នាំ ២០៣០ និង២០៣៣៕
ប្រភព ៖ AP ប្រែសម្រួល ៖ ឈឹម ទីណា