ឯកឧត្តម ប៉ាន សូរស័ក្តិ ចុះជួបសំណេះសំណាលជាមួយអាជីវករក្នុងផ្សារព្រៃទទឹង និងអំពាវនាវឱ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា
(កំពង់ចាម)៖ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល ជាមួយអាជីវករ ដែលបាននិងកំពុងធ្វើអាជីវកម្មលក់ដូរទំនិញរបស់ខ្លួន ក្នុងផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើមី្បស្វែងយល់ និងក្តាប់នូវរាល់បញ្ហាមួយចំនួនរបស់អាជីវករ ក៏ដូចជាបង្កើននូវភាពស្និតស្នាលជាមួយបងប្អូនអាជីវករ នៅផ្សារដោយផ្ទាល់ផងដែរ។

ឯកឧត្តម បានសំណូមពរឱ្យសមត្ថកិច្ចមូលដ្ឋាន និង គណៈគ្រប់គ្រងផ្សារ ក៏ដូចសន្តិសុខផ្សារ ជួយធ្វើការជួយសម្រួលលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុង និងជុំវិញទីផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងរាល់កាកសំណល់ទីផ្សារ និង ប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារឱ្យ បានល្អ ដើមី្បធានាដល់ចរន្តទឹកហូរបានទាន់ពេល មិនបង្កឱ្យមានការកកស្ទះទៀតផង ។

ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានលើកផងដែរថា ផ្សារថ្នល់ទទឹងនេះ កើតឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដោយ សម្តេច បានយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ, ម៉្យាងទៀត ផ្សារនេះ ក៏ជាទីកន្លែងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ និងជាកន្លែងសម្រាប់បម្រើសេវាកម្មនានាដល់ភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ ។

ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត ក៏បានអំពាវនាវដល់ប្រជាពរដ្ឋ និងអាជីវករទាំងអស់ ឱ្យអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ជាសម្គាល់ និងមានលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នាអាណត្តិទី៧ និងប្តេជ្ញាចិត្តគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ដោយ ឯកឧត្តមបណ្ឌិត ជាបញ្ញវន្តមួយរូបនដែលមានចំណេះដឹងយ៉ាងខ្ពងខ្ពស់លើផ្នែកយោធា សេដ្ឋកិច្ច និងនយោបាយ ដែល ឯកឧត្តម សិក្សាមកពីបរទេស។
យោងតាម គ ជ ប បានបញ្ជាក់ថា នៅថ្ងៃទីដប់ប្រាំបួននៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១៣ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះ មានគណបក្សនយោបាយ ចំនួន ៦ បានហែក្បួនឃោសនារកសំឡេងឆ្នោត ៕

ដោយ ង៉ាន់ ទិត្យ