ក្រសួងការបរទេសកម្ពុជា៖សេដ្ឋកិច្ចឌីជីថលនឹងបន្ថែមរហូតដល់មួយទ្រីលានដុល្លារ ដល់ផលិតផលសរុបរបស់តំបន់អាស៊ាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា សេដ្ឋកិច្ចឌីជីថល គឺជារឿងចាំបាច់ដែលកម្ពុជា និងសមាជិកអាស៊ាន ត្រូវការពង្រឹងនិងគាំទ្រ ដោយសារតែសេដ្ឋកិច្ចឌីជីថលនេះ នឹងបន្ថែម រហូតដល់មួយទ្រីលានដុល្លារ ដល់ផលិតផលសរុបរបស់តំបន់អាស៊ាន(GDP)។

នៅក្នុងពេលធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃការចូលរួមរបស់រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា  នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានថ្លែងថា  Digital Economy ឬសេដ្ឋកិច្ច ឌីជីថល គឺជាផ្នែកមួយដ៏សំខាន់ នៃការអភិវឌ្ឍទៅមុខរបស់អាស៊ាន។

ឯកឧត្តមបានបញ្ជាក់ថា  ដោយផ្អែកទៅលើការវាយតម្លៃរបស់យើងចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ សេដ្ឋកិច្ចឌីជីថល​នឹងបន្ថែម រហូតដល់មួយទ្រីលានដុល្លារដល់GDPសរុបរបស់តំបន់។ដូច្នេះការពង្រឹងសេដ្ឋកិច្ចឌីជីលរបស់យើងពិតជាមានសារៈសំខាន់ណាស់»។

រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះបានសម្រេចបង្កើតក្រុមការងារបច្ចេកទេសជំរុញនិងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល ដោយក្រុមការងារនេះមានចំនួន១៣ក្រុម ដែលមានតួនាទី ជំរុញ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលឱ្យដំណើរទៅប្រកបដោយរលូន និងមានប្រសិទ្ធភាព។

ជុំវិញការបង្កើត ក្រុមការងារបច្ចេកទេសជំរុញនិងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលនេះដែរលោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានយល់ឃើញថា ការរៀបចំក្រុមការងារនេះ ពិតជាមានសារៈសំខាន់ណាស់ដោយសារតែលោកបានមើលឃើញថា សេដ្ឋកិច្ចឌីជីថលត្រូវការមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកជំនួញ ។

លោកបានបញ្ជាក់ក់បានបញ្ឃងឌីជីថលទាំងរលយើងមានដំពន្លងមកានមិនសថា កន្លងមកឃើញប្រជាពលរដ្ឋយើង ពាក់ព័ន្ធនឹងជំនួញឌីជីថលនេះ គាត់នៅមានកម្រិតនៅឡើយ ក្នុងនោះការអប់រំកុមារ នៅក្នុងវិស័យឌីជីថលនេះ ក៏នៅមានកម្រិតដែរ។ដូច្នេះការបង្កើតនេះ គឺជាការចាប់ផ្តើមមួយ ដើម្បីជំរុញឱ្យសេដ្ឋកិច្ចឌីជលយើងមានដំណើរការរលូន ដោយក្រុមការងារបច្ចេកទេសដែលត្រូវបង្កើតនេះ នឹងក្លាយទៅក្រុមការងាររៀបចំគោលនយោបាយនិងតម្រង់ទិសបន្ថែមទៀតសម្រាប់យុទ្ធសាស្រ្ត ជួយឱ្យប្រជាពលរដ្ឋចេះនូវប្រព័ន្ធឌីជីថលទាំងអស់នេះ។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសជំរុញនិងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល ទាំង១៣ក្រុមនោះ រួមមាន ក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួលកណ្ដាល,ក្រុមការងារបច្ចេកទេសទទួលបន្ទុកប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក។ ក្រុមការងារបច្ចេកទេសទទួលបន្ទុកសារពើពន្ធឌីជីថល ក្រុមការងារបច្ចេកទេសទទួលបន្ទុកបច្ចេកវិទ្យាហិរញ្ញវត្ថុនិងនិយ័តកម្មធុរកិច្ចឌីជីថល ក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្រួលពាណិជ្ជកម្មឌីជីថល ក្រុមការងារបច្ចេកទេសទទួលបន្ទុកការទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីថល។ ក្រុមការងារបច្ចេកទេសទទួលបន្ទុកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រុមការងារបច្ចេកទេសទទួលបន្ទុកអត្តសញ្ញាណឌីជីថល ក្រុមការងារបច្ចេកទេសទទួលបន្ទុករំហូរកម្លាំងពលកម្មជំនាញនិងការបណ្ដុះបណ្ដាលជំនាញឌីជីថល ក្រុមការងារបច្ចេកទេសទទួលបន្ទុកការកសាងធនធានមនុស្សឌីជីថល។ ក្រុមការងារបច្ចេកទេសទទួលបន្ទុកការលើកកម្ពស់និងការជំរុញបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ក្រុមការងារបច្ចេកទេសទទួលបន្ទុកសុវត្ថិភាពឌីជីថល សន្តិសុខសាយប័រ និងអភិបាលកិច្ចទិន្នន័យ និងក្រុមការងារបច្ចេកទេសទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ឌីជីថល។

ក្រុមការងារបច្ចេកទេសជំរុញនិងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល មានតួនាទីផ្សេងៗគ្នា ដោយក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួលកណ្តាល មានអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលជាលេខាធិការដ្ឋាន។ចំណែកក្រុមផ្សេងទៀតនឹងត្រូវដឹកនាំដោយក្រសួងស្ថាប័នមួយចំនួនដូចជា ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំក្រុមការងារបច្ចេកទេសចំនួនបួន ធនាគារជាតិនៃកម្ពុជា ដឹកនាំក្រុមការងារបច្ចេកទេសចំនួនមួយ និងក្រសួងពាណិជ្ជកម្មដឹកនាំក្រុមការងារបច្ចេកទេសចំនួនមួយ។ រីឯក្រសួងមហាផ្ទៃដឹកនាំក្រុមការងារបច្ចេកទេសចំនួនមួយ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈដឹកនាំក្រុមការងារបច្ចេកទេស​ចំនួនមួយ ក្រសួងអប់រំ យុវជន និងកីឡាដឹកនាំក្រុមការងារបច្ចេកទេសចំនួនមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា និងនវានុវត្តន៍ដឹកនាំក្រុមការងារបច្ចេកទេស ចំនួនមួយ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំក្រុមការងារបច្ចេកទេសចំនួនពីរ៕ ដោយ៖ វណ្ណ សុជាតា

ads banner