គណបក្សភឿថៃ ចាប់ផ្តើមបង្កើតរដ្ឋាភិបាលថ្មី ក្រោយគណបក្សឆ្ពោះទៅមុខបរាជ័យ
ថៃ៖ គណបក្សភឿថៃបានលេចមុខនៅក្នុងជំហរថ្មីដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ពីសភាកាលពីថ្ងៃពុធបានច្រានចោល ឬមិនអនុញ្ញាតឱ្យលោក ភិថា លីមចារើនរ៉ាត់( Pita Limjaroenrat) នៃគណបក្សឆ្ពោះទៅមុខ ដាក់ស្នើបេក្ខភាពនាយករដ្ឋមន្ត្រីជាលើកទី២ ដោយសារតែវាផ្ទុយនឹងមាត្រា៤១នៃបទបញ្ជាផ្ទៃក្នុងរបស់សភា។
ការជជែកដេញដោលយ៉ាងតឹងសរសៃកអស់រយៈពេលជាង៧ម៉ោង អង្គប្រជុំបានបញ្ចប់ទៅ ទាំងមិនទាន់បានឈានទៅដល់ការបោះឆ្នោត ជ្រើសរើស ឬមិនជ្រើសរើស លោក ភិថា ជានាយករដ្ឋមន្ត្រីផង។ ក្នុងចំណោមសមាជិកសភា ៧១៥រូប ,សមាជិកចំនួន ៣៩៤សំឡេងបានយល់ស្របថា វាផ្ទុយពីបទបញ្ជាផ្ទៃក្នុងសភាមាត្រា៤១។ ក្នុងនោះ ៣១២ សំឡេង យល់ថាមិនផ្ទុយ និង សំឡេង ៨ អនុប្បវាទ។ ស្របតាមលទ្ធផលនេះ ប្រធានសភាថៃ បានសម្រេចថា សភាទាំងពីរអង្គ មិនអនុញ្ញាតឱ្យលោក ភិថា ដាក់ស្នើបេក្ខភាពជាលើកទី២នោះទេ។
ទាក់ទិននឹងវិបត្តិនេះ គណបក្សភឿថៃ ដែលឈរលំដាប់ទី២ បន្ទាប់ពីគណបក្សឆ្ពោះទៅមុខ (MFP) នឹងត្រូវទទួលបន្ទុកក្នុងការបង្កើតរដ្ឋាភិបាលថ្មី។បច្ចុប្បន្នគ្រប់ក្រសែភ្នែកពីគ្រប់មជ្ឈដ្ឋាន កំពុងសម្លឹងមើលថាតើគណបក្សនេះនឹងនៅបន្តជាសម្ព័ន្ធមិត្តរបស់ MFP ក្រោមកិច្ចព្រមព្រៀងសម្ព័នបក្សដែលពួកគេបានចុះហត្ថលេខាឬអត់ ឬភឿថៃខ្លួនឯងនឹងស្វែងរកការបង្កើតបក្សសម្ព័នចម្រុះថ្មី ដោយមិនរាប់បញ្ចូលគណបក្សឆ្ពោះទៅមុខ។
គណបក្ស Bhumjaithai, គណបក្ស Palang Pracharath និងគណបក្ស Chartthaipattana ដែលជាបក្សមិនស្ថិតក្រោមសម្ព័ន្ធបក្សបច្ចុប្បន្ន និងជាបក្សដែលប្រឆាំងផែនការរបស់ MFP ក្នុងការធ្វើវិសោធនកម្មច្បាប់មាត្រាទី ១១២នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថាជាច្បាប់ប្រមាថព្រះមហាក្សត្រ។ បក្សទាំង៣នេះបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងមិនចូលរួមជាមួយរដ្ឋាភិបាលណាមួយឡើយ ប្រសិនបើមានវត្តមានបក្ស MFP នៅទីនោះ។
បន្ទាប់ពីកិច្ចប្រជុំចប់ មេដឹកនាំបក្សភឿថៃ លោក Cholnan Srikaew បាននិយាយថា ភឿថៃនៅតែចាប់ដៃជាមួយសម្ព័ន្ធមិត្តផ្សេងទៀត។ ចំណែកអនុស្សរណៈសម្ព័ន្ធបក្ស (MoU) ត្រូវបានកែសម្រួល ឬយ៉ាងណា លោកមិនទាន់អាចផ្តល់ព័ត៌មានលម្អិតពេលនេះឡើយ ព្រោះថាសម្ព័ន្ធមិត្តទាំង៥ ចាំបាច់ត្រូវតែពិភាក្សាគ្នាជាមុនសិន។ លោក Cholnan បញ្ជាក់ថា៖ «យើងក៏នឹងពិភាក្សាដែរថាតើនឹងនាំភាគីបន្ថែមទៀតចូលឬអត់»។
ជាមួយគ្នានេះ ប្រធានសភាលោក Wan Muhamad Noor Matha បានកំណត់ពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។
ក្រោយដើរចេញពីសភាកាលពីថ្ងៃពុធ លោក ភិថា បានសរសេរលើ Instagram ថា៖ «ច្បាស់ណាស់ថា សំឡេងឆ្នោតរបស់ប្រជាជនគ្មានតម្លៃគ្រប់គ្រាន់ ដើម្បីអាចដឹកនាំប្រទេសជាតិបាននោះទេ»។ ជាមួយគ្នានេះលោក ភិថា បានបញ្ជាក់ដែរថា លោកនឹងមិនស្នើឈ្មោះលោក ជាលើកទី៣ទៀតទេ ដោយទុកឱ្យគណបក្សភឿថៃ ស្នើបេក្ខភាពម្តង»។
សម្រាប់គណបក្សភឿថៃ ត្រូវបានគេប៉ាន់ស្មានថា អាចនឹងស្នើឈ្មោះ លោក Srettha Thavisin មាន
វ័យ ៦០ឆ្នាំ ជាអ្នកជំនួញអចលនទ្រព្យ ឱ្យជាបេក្ខភាពនាយករដ្ឋមន្ត្រី៕
ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ https://www.bangkokpost.com/thailand/politics/2614442/pheu-thai-primed-to-form-govt