ប.ស.ស គ្រោងផលិតប័ណ្ណសមាជិក ប.ស.ស. ឱ្យទៅជាប័ណ្ណទំនើបជំនាន់ថ្មី
ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស. និងធនាគារកាណាឌីយ៉ា បានពិភាក្សាគ្នាលើគម្រោងអភិវឌ្ឍន៍ប័ណ្ណសមាជិកប.ស.ស.ដែលនឹងត្រូវផលិតជាប័ណ្ណទំនើបជំនាន់ថ្មី ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចពិភាក្សាគ្នានេះ បានដឹកនាំដោយលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ជាមួយនឹងលោក វ៉ាន់ ឆារស៍ អគ្គនាយករងធនាគារ កាណាឌីយ៉ា ដើម្បីពិភាក្សាលើគម្រោងអភិវឌ្ឍន៍ប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មីដែលជាប្រព័ន្ធទំនើបកម្មបច្ចេកវិទ្យាជឿនលឿន។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់បេឡាជាតិរបបសន្តិសុខសង្គមបានឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងគម្រោងនៃការអភិវឌ្ឍបណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មីនេះ លោក វ៉ាន់ ឆារស៍ បានលើកឡើងអំពីចំណុចសំខាន់ៗ ដែលក្នុងនោះ ប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មី ជាប័ណ្ណដែលមានបន្ទះឈីប និងសុវត្ថិភាពស្ដង់ដារ និងមានសមត្ថភាពបន្ថែមទិន្នន័យ និងពង្រឹងសុវត្ថិភាពប្រតិបត្តិការ។ ជាពិសេសអាចប្រើប្រាស់សម្រាប់ទូទាត់ប្រាក់តាវកាលិកផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន រួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀត។
លោកបបន្ថែមថា៖« វាក៏ជាប័ណ្ណប្លាស្ទិក និងប័ណ្ណនិម្មិត ដែលប័ណ្ណនិម្មិតអាចស្នើសុំបានយ៉ាងងាយស្រួលពីកម្មវិធីទូរស័ព្ទ Canadia bank App ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ»។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម បានលើកឡើងថា ស្របពេលជាមួយការអភិវឌ្ឍវិស័យឌីជីថលរបស់រាជរដ្ឋាភិបាលកំពុងរីកចម្រើនជាបន្ដបន្ទាប់ ការជំរុញគម្រោង
បច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មីនេះ វានឹងបង្កើននូវប្រសិទ្ធភាព និងតម្លាភាពក្នុងវិស័យសន្ដិសុខសង្គម។
លោក ហេង សុផាន់ណារិទ្ធ បញ្ជាក់ថា៖ «ប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មីនេះ ជាផែនទីចង្អុលផ្លូវដ៏ល្អប្រសើរមួយដែលរក្សាបាននូវប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃចំណាយ ឆ្លើយតបនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលរឹងមាំ មានសុវត្ថិភាព និងមានស្ថិរភាពខ្ពស់ក្នុងសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាព និងបរិយាបន្ន»៕

ដោយ៖ ជា សុខនី