សម្ដេចតេជោ ហ៊ុន សែន៖ យុទ្ធនាការឃោសនាបោះឆ្នោតមានដំណើរការល្អ ដោយគ្មាន​ហិង្សាណាមួយកើតឡើង ទាំងហិង្សាកាយវិការ ឬពាក្យសម្តី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន​បញ្ជាក់​ឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងចាប់​ផ្តើម​ក្នុង​ពេល​ឆាប់ខាងមុខនេះ ខណៈដែល​យុទ្ធនាការឃោសនាបោះឆ្នោត​​មានដំណើរការ​ល្អដោយមិនមាន​ឃើញហិង្សាណាមួយកើតឡើងនោះឡើយ​។

​សម្តេចតេជោបានលើកឡើងដូចនេះតាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយទូរទស្សន៍ហុងកុង Phoenix TV ដែលត្រូវ​បាន​ធ្វើការ​ផ្សព្វផ្សាយ​​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ដោយ​សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាមានភាពចាស់ទុំខាងនយោបាយអំពីដំណើរការ​ប្រជាធិបតេយ្យ ដោយ​សម្ដេចសង្ឃឹមផងដែរថានឹងមានលទ្ធផលល្អ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ៖ «មកដល់ពេលនេះ យើងនៅសល់តែប៉ុន្មានថ្ងៃទៀតការបោះឆ្នោតនឹងចាប់​ផ្តើម​ ហើយនេះជាការ​បោះឆ្នោត​មួយដ៏ល្អ ដែល​មកដល់ពេលនេះមិនទាន់ឃើញមានហិង្សាណាមួយកើតឡើង ទោះបីជាហិង្សាកាយវិការ ឬជាពាក្យសម្តី»។

សម្ដេចបានបន្តថា ​ពិតហើយ មានប្រទេសខ្លះ ឬក្រុមខ្លះធ្វើការតិះទៀនចំពោះ​យើងខ្ញុំ តែយើង​មិនខ្វល់ទេ អ្វីដែលជាបញ្ហាធំ​របស់យើង​គឺប្រជាជន​ទៅបោះឆ្នោត ស្របទៅតាម​រដ្ឋធម្មនុញ្ញរ​បស់ខ្លួនគឺ​គ្រប់គ្រាន់ហើយ មិនចាំបាច់ឱ្យប្រទេសនេះ ប្រទេសនោះត្រូវ​ទទួលស្គាល់ការបោះឆ្នោតរបស់​ប្រទេសយើងខ្ញុំនោះទេ។

ការបោះឆ្នោត​នៅ​ក្នុង​ប្រទេសឯករាជ្យ​មួយ ប្រទេសដែលមានអធិបតេយ្យមួយ ត្រឹមតែប្រជាជនទទួលស្គាល់ និងចូលរួមការបោះឆ្នោតគឺគ្រប់គ្រាន់ដើម្បីកំណត់ឈ្នះហើយ។

ទាក់ទងនឹង​ការបោះឆ្នោតនេះដែរ  ក្នុងជំនួបជាមួយគណៈប្រតិភូបេសកកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF)  នាថ្ងៃទី​១៩ ខែកក្កដា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​ បានគូសបញ្ជាក់ថាការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងអ្ន​កសារព័ត៌មាន ហើយសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣នេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា  ស្ថានភាពទូទៅក៏មានភាពល្អប្រសើរដែរ។

សម្ដេចក្រឡាហោម  ស ខេង បាន​ថ្លែង​ផងដែរ​ពីការត្រៀមលក្ខណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក្រសួងមហាផ្ទៃក៏មានតួនាទីស្នូលក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ បម្រើឱ្យដំណើរការបោះឆ្នោតនេះ​។

តាមរយៈក្រសួងមហាផ្ទៃ​ លោក Desire NYARUHIRIRA ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូតនៃអគ្គលេខាធិការអង្គការ​អន្តរជាតិនិយាយភាសាបារាំង បានលើកឡើងថា​ នៅពេលប្រទេសសមាជិកក្រុមប្រទេសនិយាយភាសាបារាំងរៀបចំការបោះឆ្នោត អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី តែ​ងតែបានចាត់បញ្ជូនគណៈប្រតិភូចូលរូមសង្កេតការណ៍ និងបានជួបជាមួយបណ្ដាតួអង្គពាក់ព័ន្ធនឹងការបោះឆ្នោ​តនៅប្រទេសទាំងនោះ ហើយបេសកកម្មនេះគឺដើម្បីជួយពង្រឹងនីតិរដ្ឋ និងសន្តិភាព។

ដោយឡែកនៅ​ថ្ងៃទី​២១ ខែកក្កដា ​គណបក្ស​នយោបាយ​ធំៗចំនួន​បី នឹង​ធ្វើការហែក្បួនបិទ​យុទ្ធនាការ​ឃោស​នា​​បោះឆ្នោត ដែល​មាន​អ្នកចូលរួមរហូត​ជាង​បីម៉ឺននាក់ ក្នុង​រាជ​​​រាជធានីភ្នំពេញ ដែលក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែររួបរួមជាតិ​។

យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា នឹង​រៀបចំ​ជួបជុំសមាជិក សមាជិការបស់ខ្លួននៅតំបន់មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៌កោះពេជ្រ ដើម្បី​ដង្ហែក្បួន​ឃោសនាដែលមានអ្នកចូលរួម​ចំនួន ៣០ ០០០នាក់ នឹងចាប់​ហែក្បួន​​​ពីម៉ោង​៧៖៣០នាទីព្រឹក​ទៅរហូតបិទបញ្ចប់។

ចំណែកគណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​រៀបចំ​ជួបជុំសមាជិក សមាជិការបស់ខ្លួន លើ​ចិញ្ចើម​មហាវិថី​សម្តេច ហ៊ុន សែន (ផ្លូវ​៦០ម៉ែត្រ​) ដោយមានអ្នកចូលរួមចំនួន ២ ៥០០ នាក់ ដោយចាប់ហែក្បួនពីម៉ោង៨ព្រឹក​តទៅ។ រីឯគណបក្ស​ខ្មែររួបរួមជាតិ នឹង​រៀបចំ​ជួបជុំសមាជិក សមាជិការបស់ខ្លួន​ ចំនួន​១ ២០០ នាក់ នៅលើចិញ្ចើម​ផ្លូវ​មុខក្រសួង​រៀបចំដែនដីនគរូបនីយកម្ម និង​សំណង់ ដោយចាប់​ហែក្បួន​ឃោសនាពី​ម៉ោង២រសៀល​តទៅ។

តាមរយៈ​សេចក្តីជូនដំណឹងនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​បញ្ជាក់ថា ក្នុង​អំឡុង​ពេលបិទយុទ្ធនាការ​នេះ អាចមានចរាចរមមាញឹកជាខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិកសមាជិកាដែលបានចូលរួម។ ឯកឧត្តមបញ្ជាក់ថា ៖ «ដើម្បីចៀសវាង​ការកកស្ទះ រដ្ឋបាលរាជធានីភ្នំពេញ​នឹងធ្វើការបញ្ចៀស​ចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅ​តាមទីតាំង​ជួបជុំ​​របស់​គណបក្សនីមួយៗ​ និង​តាមតម្រាយ​ផ្លូវ​នានាដែលគណបក្ស​​នយោបាយហែក្បួនឃោសនា នាថ្ងៃទី​២១​ ខែកក្កដា ចាប់ពីម៉ោង៥ព្រឹក​រហូតដល់​ការដង្ហែក្បួនបាន​បញ្ចប់»៕

ដោយ៖ នាង សុគន្ធា

ads banner