អភិបាលខេត្តបាត់ដំបង ជំរុញអាជ្ញាធរពន្លឿនការដោះស្រាយទំនាស់ដីធ្លី និងផ្តល់បណ្ណកម្មសិទ្ធិជូនពលរដ្ឋ
បាត់ដំបង៖ អភិបាលខេត្តបាត់ដំបងឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរត្រូវពន្លឿនដល់ការដោះស្រាយទំនាស់ដីធ្លីនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពនិងផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។
ការជំរុញនោះធ្វើឡើងកំលុងពេលអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋស្ថិតក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងពលរដ្ឋជាច្រើនគ្រួសារ។ នេះបើតាមប្រភពរដ្ឋបាលខេត្តបាត់ដំបង។
នាពិធីនោះឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរត្រូវពន្លឿនដល់ការដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាធ្វើការផ្ដល់ជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានឆាប់រហ័ស។ ឯកឧត្តមបញ្ជាក់ថា៖« ព្រោះថាបើមិនខិតខំដោះស្រាយទំនាស់ដីធ្លីនេះទេ គឺការផ្ដល់ជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះគឺមិនងាយនឹងបានផ្ដល់ជូនប្រជាពលរដ្ឋឡើយ »។ ឯកឧត្តមបានលើកឡើងថា ការផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ គឺជាការគិតគូររបស់
រដ្ឋាភិបាល ដោយឱ្យអាជ្ញាធរខិតខំដោះស្រាយ និងផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានឆាប់រហ័ស និងឱ្យបានកាន់តែច្រើន ។
ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រអចលនវត្ថុនេះ សូមប្រើប្រាស់ឱ្យបានត្រឹមត្រូវ ហើយសិនជាអាចសូមកុំធ្វើការលក់ដូរ ដោយទុកជាទ្រព្យសម្បត្តិសម្រាប់កូនចៅជំនាន់ក្រោយ។ លោកថា៖« ព្រោះថាបើយើងធ្វើការលក់ដូរដីធ្លីនេះអស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកសិករទាំងអស់នឹងបាត់បង់ចំណូលដោយសារប្រជាពលរដ្ឋពុំមានដីសម្រាប់ធ្វើការដាំដុះដំណាំកសិកម្មផ្សេងៗ ពុំមានកន្លែងសម្រាប់សង់លំនៅដ្ឋានដើម្បីរស់នៅ ក៏ដូចជាកូនចៅជំនាន់ក្រោយពុំមានដីសម្រាប់ការដាំដំណាំ និងការស្នាក់នៅជាដើម »។
ពាក់ព័ន្ធការចុះបញ្ជីដីធ្លីនេះ លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបាត់ដំបង បានលើកឡើងថា ទាំងប្រជាពលរដ្ឋ លោកមេភូមិ ព្រឹទ្ធាចារ្យ និងលោកមេឃុំបានចូលរួមយ៉ាងសកម្មក្នុងការងារអនុវត្តគម្រោងចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងនោះគាត់បានមកពិនិត្យបញ្ជីឈ្មោះ និងប្លង់សុរិយោដី ព្រមទាំងបានដាក់ពាក្យសុំកែតម្រូវផងដែរ ។
លោក គុយ វណ្ណូ អភិបាលស្រុករតនមណ្ឌល បានលើកឡើងថា សម្រាប់ស្រុករតនមណ្ឌលបានធ្វើការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល មានចំនួន ១៤២៧ ក្បាលដី និងបំពេញបានសម្រេចតាមលក្ខណៈច្បាប់មានចំនួន១,៣៤៥ក្បាលដី និងបានកំពុងសិក្សាដើម្បីអនុវត្តនៅភូមិបន្តបន្ទាប់ទៀតនៃឃុំស្តៅ ៕ ដោយ៖ សុខ រក្សា