បណ្ណព័ត៌មានអ្នកបោះឆ្នោតជាង៩លាន២សែនសន្លឹក ត្រូវបានចែកជូនប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញ៖ បណ្ណព័ត៌មានអ្នកបោះឆ្នោតចំនួន ៩,២០៩,១៧៧សន្លឹក ត្រូវបានចែកជូនប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើយោងតាមតារាងបូកសរុបលទ្ធផលនៃការផ្ដល់បណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោត ចំនួន ៩.៧១០.៦៥៥ សន្លឹក ស្មើនឹងចំនួនសរុបអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២។ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ជាអ្នកចាត់តាំងក្រុមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិក្នុងឃុំ សង្កាត់សាមីនីមួយៗ ដែលមានរយៈពេល១ខែ គឺចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ហើយបណ្ណព័ត៌មានដែលនៅសល់ត្រូវរក្សាទុក និងចែកបន្តនៅទីស្នាក់ការ គឃ.សប រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប បានបញ្ជាក់ថា គោលបំណងនៃការផ្ដល់បណ្ណព័ត៌មានអ្នកបោះឆ្នោត គឺដើម្បី៖
-ជួយដល់អ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការបានយល់ដឹងអំពី លេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធនឹងសាមីខ្លួនក្នុងបញ្ជីបោះឆ្នោត លេខកូដ និងទីតាំងការិយាល័យបោះឆ្នោត កាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត ព្រមទាំងប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការដែលត្រូវប្រើនៅពេលបោះឆ្នោត
-ជួយដល់អ្នកបោះឆ្នោតអាចរកឃើញយ៉ាងងាយស្រួលនូវទីតាំងការិយាល័យបោះឆ្នោតដែលសាមីខ្លួនត្រូវទៅបោះឆ្នោត
-ជួយដល់គណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ក្នុងការស្វែងរកឈ្មោះសាមីអ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោតផ្លូវការបានឆាប់រហ័ស ដែលបង្កភាពងាយស្រួលដល់កិច្ចប្រតិបត្តិការបោះឆ្នោតឱ្យកាន់តែមានភាពរលូន និងមិនឱ្យអ្នកបោះឆ្នោតរង់ចាំយូរ។
សូមបញ្ជាក់ជូនថា អ្នកបោះឆ្នោតអាចយកបណ្ណព័ត៌មាននេះមកជាមួយនៅថ្ងៃបោះឆ្នោត ដើម្បីងាយស្រួលរកឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ប៉ុន្តែទោះបីជាអ្នកបោះឆ្នោតមិនបានយកបណ្ណនេះមកជាមួយ ឬពុំបានទទួលបណ្ណនេះ ក៏អាចបោះឆ្នោតបានដែរ ឱ្យតែសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ និងមានឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។ ដូចនេះ សូមប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត មេត្តាចូលរួម និងផ្ដល់កិច្ចសហការ ដើម្បីឱ្យដំណើរការនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ ប្រព្រឹត្តទៅរលូនល្អ៕
ដោយ៖ពលជ័យ
