អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ សមត្ថកិច្ចរកឃើញមុខសញ្ញា និងភស្តុតាងមួយចំនួន បម្រើឧបាយកលក្រុមឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ដោយញុះញង់បំផ្លាញដំណើរការបោះឆ្នោត, អ្នកល្មើសនឹងត្រូវផ្តន្ទាទោសតាមច្បាប់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា មកដល់ពេលនេះ សមត្ថកិច្ចបានរកឃើញនូវមុខសញ្ញា និងភស្តុតាងមួយចំនួនដែលមានការសមគំនិតបម្រើឧបាយកលក្រុមឧទ្ទាមក្រៅច្បាប់ ដើម្បីធ្វើសកម្មភាពបំផុសញុះញង់ដើម្បីបំផ្លាញដល់ដំណើរការបោះឆ្នោត។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃរក្សាភាពស្ងៀមស្ងាត់ សម្រាប់ការបោះឆ្នោត រហូតមកពេលនេះ ដែលប្រជាពលរដ្ឋកម្ពុជា កំពុងទៅបោះឆ្នោត សមត្ថកិច្ចបានធ្វើការតាមដានសកម្មភាពរបស់ក្រុមទុច្ចរិត ដែលមានចេតនាបង្កការញញុះញង់ឲ្យគូសបំផ្លាញសន្លឹកឆ្នោត។ មកដល់ពេលនេះសមត្ថកិច្ចបានរកឃើញ នូវមុខសញ្ញា និងភស្តតាងមួយចំនួនដែលសមគំនិតបំរើឧបាយកល ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគ្រុបតេឡេក្រាមឈ្មោះ “សប្បាយ” ធ្វើសកម្មភាពបំផុសញុះញង់ដើម្បីបំផ្លាញដល់ដំណើរការបោះឆ្នោត»។

លោកបានបន្តថា ដោយអនុវត្តតាមច្បាប់បោះឆ្នោត និងក្រមព្រហ្មទណ្ឌ ជនដែលបានប្រព្រឹត្តនូវបទល្មើសខាងលើ នឹងត្រូវប្រឈមចំពោះការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់តាមបទល្មើសជាក់ស្តែង។

ក្នុងនាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់កុំជឿតាមការញុះញង់របស់មេឧទ្ទាមទណ្ឌិត សម រង្ស៉ី ជនក្បត់ជាតិ០៣ជំនាន់ទៅប្រព្រឹត្តទង្វើផ្ទុយច្បាប់ ហើយសូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នាតាមឆន្ទៈរៀងៗខ្លួន ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងគ្មានការគំរាមកំហែង ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សមត្ថកិច្ចក៏បានចាប់ខ្លួន បុគ្គលម្នាក់ ពាក់ព័ន្ធនឹងករណីខាងលើផងដែរ ខណៈដែលមនុស្សចំនួនទៀត ត្រូវបានកំណត់អត្តសញ្ញាណបានហើយ។

យោងតាមមាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត ៖
ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

ads banner