វេទិកាសម្ព័ន្ធសង្គមស៊ីវិលបង្ហាញពីអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងថាស្ថានភាព បោះឆ្នោតរហូតមកដល់ពេលនេះ មានប្រក្រតីភាពជាធម្មតា
(ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)នៅរសៀលថ្ងៃទី ២៣ ខែ កក្កដា នេះបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានបញ្ជាក់ពីសកម្មភាពចុះសង្កេតដំណើរការបោះឆ្នោតនៅតាមមណ្ឌល និងការិយាល័យបោះឆ្នោតរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានបញ្ជាក់ថាក្នុងនាមអ្នកសម្របសម្រួលអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ មានកិត្តិយសសូមជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ជ្រាបថា អ្នកសង្កេតការណ៍ជាតិ ចំនួន ៣៦០នាក់ អញ្ជើញមកពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគមចំនួន ៩០ បានចុះទៅតាមមណ្ឌល បោះឆ្នោតចំនួន ៣៦០ នៅទូទាំង ២៥រាជធានី ខេត្ត។ ទន្ទឹមនឹងនេះ អ្នកសង្កេតការណ៍អន្តរជាតិចំនួន ៥៦នាក់ អញ្ជើញមកពី ៧ស្ថាប័ន ១០ប្រទេស បានចុះទៅតាមមណ្ឌលបោះឆ្នោតចំនួន ១៧ ដើម្បីចូលរួមសង្កេតដំណើរការ បើកការិយាល័យបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
តាមរបាយការណ៍បឋមដែល វ.ស.ស. ទទួលបានពីអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ អ្នកបោះឆ្នោត បានអញ្ជើញមករង់ចាំបោះឆ្នោតនៅតាមការិយាល័យនីមួយៗយ៉ាងច្រើនកុះករ ប្រកបដោយក្តីសោមនស្ស រីករាយ។ បុគ្គលិក គ.ជ.ប. បានបំពេញភារកិច្ចបានយ៉ាងត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ នៅតាម ការិយាល័យបោះឆ្នោត មានភ្នាក់ងារគណបក្សនយោបាយនិងអ្នកសង្កេតការណ៍អញ្ជើញមកពីអង្គការមិនមែន រដ្ឋាភិបាលនិងសមាគម បានចូលរួមពិនិត្យនិងតាមដានគ្រប់ជំហាន ដើម្បីធានាបាននូវប្រក្រតីភាពនិងភាព ត្រឹមត្រូវ ស្របតាមបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ជាមួយគ្នានេះ អ្នកបោះឆ្នោតបានឈរតម្រង់ជួរយ៉ាងមានសណ្តាប់ធ្នាប់ និងបាននាំយកមកជាមួយនូវឯកសារ បម្រើការបោះឆ្នោតរៀងៗខ្លួន។
ជារួម ស្ថានភាពនៃដំណើរការបោះឆ្នោតរហូតមកដល់ពេលនេះ មានប្រក្រតីភាពជាធម្មតា។ អ្នកបោះឆ្នោត បានទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ដោយសេចក្តីសប្បាយរីករាយ និងមិនមានការរំខានណាមួយឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ជ្រាបជាព័ត៌មាន៕
ដោយ ៖ ម៉ាដេប៉ូ
