ឯកឧត្តម ហ៊ុន ម៉ានី ៖ ផ្អែកលើលទ្ធផលបណ្តោះអាសន្ន អាចសន្និដ្ឋាន បានថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនលើសលុប

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងតាមបណ្ដាញសង្គម តេឡេក្រាម នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ថា ផ្អែកលើ លទ្ធផលបណ្តោះអាសន្ន ត្រឹមយប់ថ្ងៃទី២៣ ខែកក្កដា យើងអាច សន្និដ្ឋាន បានថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ច្រើន លើសលុប ដែលធានាបាននូវជ័យជម្នះក្នុងការរៀ ចំរាជរដ្ឋាភិបាល សម្រាប់ នីតិកាលទី៧នៃរដ្ឋសភានេះ។

ឯកឧត្តម បានបន្តថា ក្នុងបរិយាកាសប្រកបដោយក្តីរំភើបរីករាយនេះ ក្នុងនាមជាបេក្ខជនតំណាងរាស្រ្តមួយរូប ខ្ញុំពិតជាសូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ជូនដល់លោកយាយលោកតា អ៊ុ ពុកម៉ែ មាមីង បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមបញ្ចូលទាំង ក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ ដែលបានអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន ធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាបន្តបម្រើជាតិ និងប្រជាជនក្នុងរយៈពេល ៥ ឆ្នាំទៅមុខទៀត នេះ។

លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នេះ បានឆ្លុះបញ្ចាំងពីជំនឿទុកចិត្តឥតងាករេរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតមកលើកិច្ចខិតខំប្រឹងប្រែង ការលះបង់ និងសមត្ថភាពដឹកនាំប្រកបដោយ ភាព ម្ចាស់ការ ម៉ឺងម៉ាត់ និងចាស់ទុំរបស់គណបក្សប្រជាជនកម្ពុជាក្នុង រយៈកាលកន្លងមកនេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ក្នុងក្របខ័ណ្ឌ នៃក្រុម ការងារ គណបក្សចុះជួយខេត្ត ខ្ញុំសូមកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាក្រុមការងារគណបក្ស និងមន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ ក្រោមការ ដឹកនាំពី សំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានក្រុម ការងារ គណបក្សចុះជួយខេត្តកំពង់ស្ពឺ ដែលបានចូលរួមយ៉ាងសកម្ម លះបង់អស់កម្លាំងកាយ ចិត្ត និងធនធាន ដើម្បីបំពេញបេសកកម្មជូន គណបក្សជាបន្តបន្ទាប់មកនេះ។

ជ័យជម្នះដ៏ត្រចះត្រចង់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ជាពិសេសក្នុងខេត្តកំពង់ស្ពឺ ពិតណាស់គឺជាការរួម ចំណែក យ៉ាងធំធេងពីសមាជិក សមាជិកាក្រុមការងារគ្រប់រូប ក្នុងរយៈកាលកន្លងមកនេះ ដែលទទួលបាននូវការផ្តល់នូវទំនុកចិត្ត ជំនឿជាក់ និងក្តីស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត ។

សូមជម្រាបថា បើតាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោត គ.ជ.ប បានបង្ហាញថា ពលរដ្ឋដែលបានមកបោះឆ្នោតសរុបមានចំនួន ៨.២១៣.២៦០នាក់ ស្មើនឹង ៨៤,៥៨ភាគរយ នៃចំនួនអ្នកមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត៩៧១.០៦៥៥នាក់។ស្ថិតិនេះ មានការកើន ឡើងជាង នៃបោះឆ្នោតកន្លងមកផងដែរ ៕

ដោយ ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner