អ្នកសង្កេតការណ៍ជាតិ៩០ស្ថាប័ន៖ ការបោះឆ្នោតប្រព្រឹត្តដោយត្រឹមត្រូវ សេរី យុត្តិធម៌ និងមានតម្លាភាព
ភ្នំពេញ៖ អ្នកសង្កេតការណ៍ជាតិ ចំនួន៩០ស្ថាប័ន បានវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ ការវាយតម្លៃនេះ ក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការសង្កេតការណ៍ ទូទៅជុំវិញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅសណ្ឋាគារ ហៃយ៉ាត់ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ កម្មវិធីសន្និសីទសារព័ត៌មាននេះ រៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៉ីវិល (វ.ស.ស.)។
តំណាងអង្គការសង្គមស៉ីវិលទាំង៩០ស្ថាប័នមានដូចជា៖ លោក នង ប៊ុនថេង នាយកអង្គការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ (ខេត្តកណ្តាល), លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ, លោក ឡិប វុឌ្ឍី ប្រធានអង្គការសហការការពារសម្បត្តិធនធានធម្មជាតិ និងលោកស្រី ប្រុស កឹមសៀក ប្រធានសមាគមនិស្សិតបញ្ញាវន្តកម្ពុជា-អាស៊ាន។
វេទិកាសម្ព័ន្ធសង្គមស៉ីវិល (វ.ស.ស.) បានសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិចំនួន៣៦០នាក់ អញ្ជើញមកពីអង្គការមិនមែនរដ្ឋាភិបាលនិងសមាគមជាតិចំនួន៩០ (សម្រាប់ ២៥រាជធានី-ខេត្ត) និងអ្នកសង្កេតការណ៍ អន្តរជាតិចំនួន៥៦នាក់ មកពី ៧ស្ថាប័ន (១០ប្រទេស) ដើម្បីចូលរួមសង្កេតការដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ លោក កឹម រ័ត្នវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៉ីវិល ក្នុងនាមជាអ្នកសម្របសម្រួល ក៏បានលើកឡើងថា ក្រោយចំណាប់អារម្មណ៍របស់វាគ្មិនទាំង៤រូប សុទ្ធតែអះអាងថា ការបោះឆ្នោតគឺត្រឹមត្រូវ សេរី យុត្តិធម៌ មានតម្លាភាព និងប្រព្រឹត្តទៅដោយរលូន ព្រមទាំងមានសណ្តាប់ធ្នាប់៕
ដោយ៖ពលជ័យ/រូបភាព៖Freshnews