អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាក្រុមប្រឆាំងជ្រុលនិយម និងជនបរទេសតែង តែព្យាយាមលាបពណ៌ខុសពីការពិតថា ការបោះឆ្នោត​នៅកម្ពុជាមានការគំរាមកំហែង, ភាពមិនប្រក្រតី មិនយុត្តិធម៌ និងមិនត្រឹមត្រូវ?

ភ្នំពេញ៖ ក្នុងសៀវភៅ «ពីរបបផ្តាច់ការមកប្រជាធិបតេយ្យ» ជាទ្រឹស្តីធ្វើបដវិត្តន៍ពណ៌ផ្លាស់ប្តូររបបដឹកនាំសរសេរឡើងដោយ​ជនជាតិ​អាម៉េរិក​ឈ្មោះ ជីន សាប ដែលក្រុមបក្សប្រឆាំងនានា នៅលើពិភពលោករាប់ទាំងក្រុមប្រឆាំងជ្រុលនិយមកម្ពុជាផង យកមកប្រើដើម្បី​អនុវត្តតាមផែនការភូមិសាស្ត្រ នយោបាយរបស់មហាអំណាច បានចង្អុលបង្ហាញចំៗថាបញ្ហានានាដែលកើតឡើងជុំវិញការបោះឆ្នោត គឺជាឱកាសមាសសម្រាប់បង្កចលាចល និងជាឈ្នួនងាយនឹងដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋម្ចាស់ឆ្នោត និងឈានទៅការប្រមូលផ្តុំ​កម្លាំង​ប្រជាពលរដ្ឋ ដើម្បីផ្លាស់ប្តូរតាមអំណាចប្រជាជនព្រោះជាពេលវេលាដែលប្រជាពលរដ្ឋងាយនឹងជឿ ងាយនឹងចូលរួម ងាយនឹងដើរតាមការ​ញុះញង់។

ប្រសិនបើពួកគេផ្លាស់ប្តូរតាមរយៈការបោះឆ្នោតមិនបាន គឺត្រូវផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ ដោយប្រើអំណាចប្រជាពលរដ្ឋដែលមិនមែន​ជាមធ្យោបាយតាមបែបប្រជាធិបតេយ្យឡើយ។

ឈរលើមូលដ្ឋាននៃទ្រឹស្តីនេះហើយបានជាក្រុមអ្នកនយោបាយប្រឆាំង និងជនបរទេសមួយចំនួនដែលប្រើឋានៈជាអ្នកកាសែតស៊ីប្រាក់​កម្រៃតាមអត្ថបទ និងមន្ត្រីបម្រើតាមអង្គការសង្គមស៊ីវិលមួយចំនួន រួមនឹងប្រព័ន្ធផ្សព្វផ្សាយស៊ីលុយបរទេស តែងតែលាបពណ៌កម្ពុជាក្នុងផ្លូវ​ទុច្ចរិត​តាមវេទិកានានា និងនៅលើទំព័រសារព័ត៌មាន លើបណ្តាញទំនាក់ទំនងសង្គមក្នុងចេតនាទុច្ចរិតធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា។

ជាពិសេស នៅពេលមានការបោះឆ្នោតសកលម្តងៗ ពួកគេតែងតែប្រើប្រាស់វោហាសាស្ត្រញុះញង់ ស្អប់ខ្ពើមជាតិសាសន៍ រើសអើង បញ្ឆេះកំហឹងវណ្ណៈសង្គម គំនុំគំគួនគ្នា ស្អប់គ្នារវាងខ្មែរនិងខ្មែរ ព្រមទាំងប្រើប្រាស់វិធីសាស្ត្របំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍​នៅកម្ពុជាខុសពីការពិត។
អ្វីដែលពលរដ្ឋខ្មែរបានឮនិងបានឃើញពីវោហាសាស្ត្រញុះញង់ពីក្រុមប្រឆាំងទាំងនៅក្នុងស្រុកនិងក្រៅស្រុករួមនឹងចៅហ្វាយនាយបរទេសពួកគេគឺ៖ «កម្ពុជាជាប្រទេសផ្តាច់ការ, ការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតក្លែងក្លាយ, មិនសេរី, មិនយុត្តិធម៌, មិនត្រឹមត្រូវ, មានការគំរាម​កំហែង, មានការទិញដូរសន្លឹកឆ្នោត, មានការលួចបន្លំសន្លឹកឆ្នោត, មានឈ្មោះអ្នកបោះឆ្នោតខ្មោច, ទឹកខ្មៅលុបជ្រះ, បោះសន្លឹកលើស» ជាដើម។

ការប្រើប្រាស់នូវវោហាសាស្ត្រទាំងនេះគឺមិនមែនជាការចៃដន្យឡើយ តែជាការរៀបចំឡើងដើម្បីបង្កើតឱ្យមានភាពល្អក់កករនៅក្នុង​ដំណើរ​ការបោះឆ្នោត បង្កើតឱ្យមានការមន្ទិលសង្ស័យ ទោះបីជារឿងទាំងនេះជាការប្រឌិតឡើង ព្រោះនេះជាល្បិចកលដែលក្រុមប្រឆាំង​បង្កើត​ឡើងតាមទ្រឹស្តី ជីន សាប សំដៅដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋនៅអំឡុងពេលមានការបោះឆ្នោតក្នុងប្រទេសមួយ។ ម្យ៉ាងទៀត នេះក៏ដើម្បី​ទាញទម្លាក់នូវតម្លៃនៃការបោះឆ្នោត និងទាញទម្លាក់តម្លៃនៃជ័យជម្នះរបស់គណបក្សដែលឈ្នះឆ្នោតដែលមិនមែន​ជាគណបក្ស​របស់ខ្លួន។

គោលដៅសំខាន់ដែលពួកគេប្រើប្រាស់វោហាសាស្ត្រទាំងនេះគឺដើម្បីបំភ័ន្តប្រជាពលរដ្ឋឱ្យយល់ថាសង្គមដែលពួកគាត់កំពុងរស់នៅគឺអាក្រក់ដូចភាសាដែលពួកគេនិយាយ និងអាងពួកគេចាប់យកឱកាសដើម្បីបង្កើតចលាចលសង្គម បំផ្ទុះបដិវត្តន៍ពណ៌ផ្តួលរំលំរបបដឹកនាំតែម្តង។ ការបោះឆ្នោតឆ្នាំ២០១៣ និងព្រឹត្តិការណ៍ដែលកើតឡើងជុំវិញការបោះឆ្នោតកន្លងទៅ ព្រមទាំងចរិតនៃការតវ៉ាបែបហិង្សារបស់ក្រុមខ្មោច​គណបក្សសង្គ្រោះជាតិ ទាំងអស់នេះគឺជាភស្តុតាងយ៉ាងច្បាស់នៃផែនការបដិវត្តន៍ពណ៌ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំ​ដោយគណបក្ស​ប្រជាជនកម្ពុជាទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលា។

នៅឆ្នាំ២០២៣ នេះ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតក្បត់ជាតិ ៣ ជំនាន់រួមនឹងក្រុមជនបរទេសស៊ីឈ្នួលបម្រើផលប្រយោជន៍​ភូមិសាស្ត្រនយោបាយមហាអំណាចនៅតែបង្ហាញចរិតដដែលជា ដដែលចេញមកដោយព្យាយាមលាបពណ៌ខុសពីការពិតអំពីភាពភ័យ​ខ្លាចរបស់ ប្រជាពលរដ្ឋក្នុងការចូលរួមការបោះឆ្នោត, ការបោះឆ្នោតក្លែងក្លាយដោយសារតែគ្មានបក្សភ្លើងទៀន និងបានញុះញង់ប្រជា​ពលរដ្ឋ​ឱ្យ​ទៅគូសសន្លឹកឆ្នោតចោល។

ដរាបណា​ គណបក្សប្រជាជនកម្ពុជានៅតែឈ្នះការបោះឆ្នោត និងដឹកនាំប្រទេស ទោះបីជាក្រុមប្រឆាំងជ្រុលនិយមទាំង​ជនជាតិខ្មែរមួយ​ចំនួន និងបរទេស នឹងមិនអាចនិយាយថាការបោះឆ្នោតនៅកម្ពុជាធ្វើបានយ៉ាងត្រឹមត្រូវ ស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវនោះឡើយ ហើយ​ក៏នឹងមិនទទួលស្គាល់ថាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាមានជីវិតរស់រវើកនិងសកម្មដែរ ព្រោះពួកគេនឹងលែងមាន​ហេតុផល​ដើម្បីចិញ្ចឹមចលនានយោបាយបញ្ឆេៈកំហឹង។ លើសពីនេះ ប្រសិនបើពួកគេមិនញុះញង់ និងលាបពណ៌កម្ពុជាអាក្រក់ទេ ក៏ពួកគេនឹង​មិនអាចទទួលបានជំនួយថវិកាដើម្បីធ្វើការ និងបានប្រាក់ខែដែរ។ ដូច្នេះពួកគេត្រូវតែប្រឌិតគ្រប់រឿងដើម្បីបម្រើផល​ប្រយោជន៍បុគ្គល​និងក្រុមបក្ខពួកខ្លួន បម្រើឱ្យរបៀបវារៈនយោបាយទុច្ចរិត។

យុទ្ធនាការលាបពណ៌កម្ពុជា និងការបំផ្លាញការបោះឆ្នោតរបស់ក្រុមប្រឆាំងជ្រុលនិយមនៅឆ្នាំ២០២៣ នេះ នឹងមិនទទួលបានជោគជ័យ​ឡើយ ព្រោះស្ថានភាពជាក់ស្តែងខុសពីអ្វីដែលពួកគេប៉ាន់ស្មាន ដោយឈរលើមូលដ្ឋាននៃព័ត៌មានមិនពិត និងការវាយតម្លៃសភាពការណ៍​មិន​ត្រូវ។ ទោះបីជាពួកគេខំស្រែករហូតដល់ស្លាប់ ក៏បានត្រឹមតែស្រែក​ គ្មានបានផេះកណ្តាលចង្ក្រានអ្វីឡើយ។

ពលរដ្ឋកម្ពុជាគ្មានការភ័យខ្លាចឡើយ គ្មានក្រុមជនក្បត់ជាតិ និងក្រុមជនចង្រៃជាតិដើរញុះញង់ ពលរដ្ឋខ្មែររស់ក្នុងភាពសុខសាន្ត។ ការបោះ​ឆ្នោតប៉ុន្មានអាណត្តិចុងក្រោយនេះ ក៏បានបង្ហាញពីភាព ចាស់ទុំនយោបាយរបស់កម្ពុជា និងការគ្រប់គ្រងដំណើរការនីតិវិធីកាន់តែ​ល្អប្រសើរ​ខ្លាំងឡើយ។ បោះឆ្នោតឆ្នាំ ២០២៣ ពលរដ្ឋគ្មានទុក្ខភ័យ រាំលេងសប្បាយ និងចាត់ទុកថាជាកម្មវិធីបុណ្យសប្បាយៗ។ មិនដូចកាលពីឆ្នាំ ១៩៩៣ ឬ ១៩៩៨ ដែលក្រុមជ្រុលនិយមបានដើរបំភ័យប្រជាពលរដ្ឋ រហូតដល់ទិញអង្ករ ស្ករ ប៊ីចេង ត្រីងៀត ត្រីខកំប៉ុងមករក្សា​ទុក​ឡើយ។

បោះឆ្នោតឆ្នាំ ២០២៣ លទ្ធិប្រជាធិបតេយ្យកម្ពុជាកាន់តែរឹងមាំ គ្រប់ច្រកល្ហក ពលរដ្ឋខ្មែរសប្បាយរីករាយ និងរាំលេងសប្បាយ​ជាមួយ​សមាជិក​សមាជិកា​គណបក្សប្រជាជនកម្ពុជាដែលដើរឃោសនា, ពលរដ្ឋប្រកបរបររកស៊ីចិញ្ចឹមជីវិតធម្មតា, សិស្សានុសិស្សនិស្សិតទៅសិក្សា​ធម្មជាតិ, អ្វីៗដំណើរការជាប្រក្រតី។ នេះជាដំណើរការប្រក្រតីភាពរបស់កម្ពុជា។ ដូច្នេះការប្រើវោហាសាស្ត្ររបស់ក្រុមជ្រុលនិយម និងពួកបរទេសស៊ីឈ្នួលអនុវត្តផែនការភូមិសាស្ត្រនយោបាយមួយចំនួនគ្មានការពិតឡើយ ហើយក៏គួរឱ្យអស់សំណើចនិងពោរពេញដោយ​ការអាណិតទៅវិញទេដែលក្រុមជនជ្រុលនិយមធ្វើនយោបាយក្នុងអតីតកាល។

ពលរដ្ឋខ្មែរមិនជឿការធ្វើនយោបាយបោកប្រាស់របស់ក្រុមប្រឆាំងជ្រុលនិយមឡើយ និងកុំព្យាយាមលាបពណ៌អាក្រក់ពីកម្ពុជា ទៀតព្រោះ​ពលរដ្ឋខ្មែរ និងពិភពលោកទាំងមូលបានដឹងយ៉ាងច្បាស់រួចហើយថាកម្ពុជាយ៉ាងណា និងដំណើរការបោះឆ្នោតនៅកម្ពុជាធ្វើបាន​ល្អកម្រិត​ណា។ សូមកុំបន្តធ្វើនយោបាយក្នុងការយល់សប្តិ និងក្នុងអតីតកាល! តាមពិតអ្នកដែលភិតភ័យគឺក្រុមប្រឆាំងជ្រុលនិយមទៅវិញទេ ដែលនាំគ្នាប្រព្រឹត្តខុសច្បាប់ និងដេកភ័យនឹងការអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ច!៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner