ជនជាតិបរទេសម្នាក់ បង្កើតអាជីវកម្មតម្បាញផ្ដៅរពាក់ ដើម្បីជួយដល់ប្រជាជនក្នុងសហគមន៍

អត្ថបទដោយ៖
CPA

សៀមរាប៖ ស្ត្រីជនជាតិហូឡង់ម្នាក់បានបង្កើតសហគ្រាសមួយដើម្បីគាំទ្រផលិតផលហត្ថកម្មក្នុងខេត្តសៀមរាបដែលត្បាញពីផ្ដៅ និងរំពាក់ ដើម្បីលក់លើទីផ្សារក្នុងស្រុក និងអន្តរជាតិ ថែមទាំងជាប្រយោជន៍បន្ថែមសម្រាប់ប្រជាជនក្នុងសហគមន៍។

អ្នកនាង កាឡៃ ចាន់ (Ka-Lai Chan) ជាសហស្ថាបនិកសហគ្រាសសិប្បកម្មផ្ដៅ និងរំពាក់ បានរៀបរាប់ពីដំណើរដើមទងថា ដំបូងឡើយនាងបានមកកាន់ប្រទេសកម្ពុជា ធ្វើជាអ្នកស្ម័គ្រចិត្តតែប៉ុណ្ណោះ នាខេត្តសៀមរាប។ ប៉ុន្តែបន្ទាប់ពីបានធ្វើការមួយរយៈក្នុងប្រទេសនេះ និងជាមួយប្រជាពលរដ្ឋខ្មែរ អ្នកនាងក៏ហាក់មានការចាប់អារម្មណ៍លើសិប្បកម្មប្រពៃណីរបស់ខ្មែរ។

អ្នកនាង កាឡៃ ចាន់ បានប្រាប់ថា ៖ «ខ្ញុំ និងដៃគូសហការម្នាក់ទៀត ដែលជាជនជាតិបារាំងបានទៅលេងនៅក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ក៏បានឃើញ និងចាប់ចិត្តជាមួយនឹងជំនាញតម្បាញរបស់ស្ត្រីរស់នៅទីនោះ ដែលអាចត្បាញផលិតផលយ៉ាងស្រស់ស្អាត និងមានលក្ខណៈពិសេសធ្វើពីវល្លិ៍ធម្មជាតិ។ ដ្បិតតែមានទេពកោល្យ តែពួកគាត់ពុំអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់ទេ ទើបយើងបានសម្រចចិត្តរួមគ្នាចាប់ផ្ដើមបង្កើតសហគ្រាស ម៉ាណាវ៉ា ដែលជាសិប្បកម្មធ្វើពីផ្តៅ នៅចុងឆ្នាំ ២០១៦»។

អ្នកនាងបានបញ្ជាក់បន្ថែមថា អ្នកនាងសម្រេចចិត្តបើក «សហគ្រាស ម៉ាណាវ៉ា» នេះ ដើម្បីផ្សព្វផ្សាយសិប្បកម្មក៏ដូចជាហត្ថកម្មខ្មែរក្នុងស្រុកទៅកាន់ពិភពលោក ដែលជាផ្នែកមួយដែលអាចមានលទ្ធភាពជួយលើកកម្ពស់ជីវភាពស្ត្រីខ្មែរដែលជាអ្នកត្បាញនៅតាមទីជនបទ ជាពិសេសនៅក្នុងខេត្តសៀមរាបតែម្តង។

លើសពីការរកទីផ្សារសហគ្រាស ម៉ាណាវ៉ា ក៏បានបណ្ដុះបណ្ដាលក្រុមកាងារមួយដែលមានសមត្ថភាព ភាពអំណត់ តស៊ូ ក្នុងការផលិត ២៤គ្រួសារ ដែលពួកគាត់អាចត្បាញផលិតផលផ្សេងៗនៅតាមផ្ទះ រកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព និងមានពេលមើលកូនតូចក្នុងគ្រួសារបាន។

សហស្ថាបនិកសហគ្រាសសិប្បកម្មផ្ដៅ និងរំពាក់រូបនេះ បានថ្លែងបន្តថា សម្រាប់ការចាប់ផ្ដើមដំបូង អ្នកនាង កាឡៃ ចាន់ និងដៃគូបានចំណាយដើមទុនប្រមាណបីពាន់ដុល្លារប៉ុណ្ណោះ សម្រាប់ចំណាយលើវត្ថុធាតុដើម និងថ្លៃបង្រៀនជំនាញបន្ថែមដល់អ្នកត្បាញ។ ដោយសារពួកគេចាប់ផ្ដើមឡើងក្នុងទំហំតូច និងមានក្រុមការងារផលិតតិចបានធ្វើឱ្យមានភាពលំបាកក្នុងការផ្គត់ផ្គង់ចំពោះការអតិថិជនដែលមានធ្វើការកម៉្មង់ច្រើន។

អ្នកនាង កាឡៃ ចាន់ បានប្រាប់ថា ៖ «សហគ្រាស ម៉ាណាវ៉ា របស់យើងមានលក់ផលិតផលធ្វើពីផ្ដៅ និងរពាក់ ដូចជា កាបូប គ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍ គ្រឿងលម្អក្នុងផ្ទះ និងសណ្ឋាគារ ជាដើមដែលលក់បានក្នុងតម្លៃចាប់ពី ១៧ ដុល្លារ ទៅដល់ ១៧៩ដុល្លារ»។

ផលិតផលនីមួយៗត្រូវចំណាយពេលយូរក្នុងការផលិត និងទាមទារឱ្យមានជំនាញ ផ្ចិតផ្ចង់ និងភាពច្នៃប្រឌិត ហើយអតិថិជនរបស់សហគ្រាស ម៉ាណាវ៉ា វិញ មានប្រមាណជា ៣០ភាគរយជាប្រជាជនខ្មែរ និងប្រមាណ ៧០ភាគរយផ្សេងទៀតជាអតិថិជននៅក្រៅប្រទេសដូចជា ហូឡង់ អាម៉េរិក និងបារាំង ជាដើម។

អ្នកនាង កាឡៃ ចាន់ បានប្រាប់ថា ៖ «ខ្ញុំសូមអរគុណដល់អតិថិជនទាំងអស់ទាំងជនជាតិខ្មែរ និងបរទេសដែលតែងតែគាំទ្រសិប្បកម្មតម្បាញរបស់ខ្មែរ ពោលគឺស្នាដៃអ្នកសៀមរាបផ្ទាល់ រាល់ការគាំទ្ររបស់អតិថិជនគឺជាការជួយដល់ជីវភាពបងប្អូនទាំង ២៤គ្រួសារនេះ»៕ ដោយ៖ នី ស្រីពៅ

ads banner