អាជីវកម្មបង្កើតថ្មីក្បែរ ៧០ ភាគរយគ្រោងផ្លាស់ចេញពីអ៊ីស្រាអែល ជុំវិញការរង្គោះរង្គើប្រព័ន្ធតុលាការ
ហ្ស៊េរុយសាឡិម៖ តាមការស្ទង់មតិមួយដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ដែលធ្វើឡើងដោយអង្គការមិនរកប្រាក់ចំណេញមួយនៅប្រទេសអ៊ីស្រាអែល ជុំវិញការផ្លាស់ប្តូរផ្នែកតុលាការបានរកឃើញថា អាជីវកម្មដែលបង្កើតថ្មី ឬក្រុមហ៊ុន Start-Up នៅអ៊ីស្រាអែល ប្រមាណ ៧០ ភាគរយ គ្រោងផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ពួកគេចេញពីប្រទេសនេះ។
ក្រុមអាជីវកម្មបង្កើតថ្មីទាំងនោះបានលើកឡើងថាមូលហេតុចម្បងនៃការផ្លាស់ប្តូរគឺកើតចេញពីបញ្ហា កៀរគររកទុនវិនិយោគក្នុងវិស័យបច្ចេកវិទ្យានៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ដោយវាបានធ្លាក់ចុះរហូតដល់ ៧០ ភាគរយ។
វិស័យបច្ចេកវិទ្យា ជាវិស័យដ៏សំខាន់បំផុតមួយរបស់ប្រទេសអ៊ីស្រាអែល ដោយវិស័យនេះរួមចំណែក ១៥ភាគរយនៃទិន្នផលសេដ្ឋកិច្ចសរុប បង្កើតការងារសរុប ១០ភាគរយ និងច្រើនជាង ៥០ភាគរយទៅលើការនាំចេញ និង២៥ភាគរយសម្រាប់ប្រាក់ចំណូលពន្ធ។
ការស្ទង់មតិដដែល ដែលបានបញ្ចប់ដោយមានការចូលរួមពីអ្នកជំនាញតំណាងឱ្យក្រុមហ៊ុនចំនួន ៥២១ បានបង្ហាញថា ៦៨ភាគរយ នៃអាជីវកម្មបង្កើតថ្មី បានចាប់ផ្តើមចាត់វិធានការផ្លូវច្បាប់ និងហិរញ្ញវត្ថុយ៉ាងសកម្ម ដូចជាការដកទុនបំរុង ការផ្លាស់ប្តូរទីស្នាក់ការកណ្តាលទៅក្រៅប្រទេស ការរៀបចំផ្លាស់ទីលំនៅរបស់និយោជិក និងការកាត់បន្ថយបុគ្គលិកនៅប្រទេសអ៊ីស្រាអែលនេះផងដែរ។
លើសពីនេះទៀត ក្រុមហ៊ុនប្រមាណ ២២ ភាគរយបាននិយាយថា ពួកគេបានបង្វិលប្រាក់ចេញពីប្រទេសអ៊ីស្រាអែលរួចរាល់ហើយ ចំណែគឯវិនិយោគិនចំនួន ៣៧ ភាគរយផ្សេងទៀត បានលក់ភាគហ៊ុនរបស់ពួកគេ និងដកជាសាច់ប្រាក់ ផ្លាស់ចេញទៅក្រៅប្រទេសរួចរាល់ដូចគ្នាដែរ។
លទ្ធផលនៃការស្ទង់មតិនេះត្រូវបានចេញផ្សាយ ចំពេលដែលសមាជិកសភាចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាងច្បាប់ដែលនឹងរារាំងតុលាការកំពូលពីការលុបចោលច្បាប់មួយចំនួន ក្រោមហេតុផល «មិនសមរម្យ»។
សូមជម្រាបថា អស់រយៈពេលជាច្រើនខែមកនេះ ក្រុមបាតុករនៅតែបន្តធ្វើការតវ៉ា បាតុកម្មតាមដងផ្លូវធំៗ ប្រឆាំងនឹងផែនការរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ជុំវិញការកែប្រែប្រព័ន្ធតុលាការ ឬកែប្រែច្បាស់ក្នុងការកាត់បន្ថយអំណាចរបស់តុលាការដែលប្រជាជនអ៊ីស្រាអែលចាត់ទុកថាជាស្ថាប័នឯករាជ្យ៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ