មន្រ្តី៖ ក្រសួងប្រៃសណីយ៍កំពុងផ្តោតខ្លាំងលើសកម្មភាពអាទិភាពចំនួនបី ដើម្បីកសាងធនធានមនុស្សក្នុងវិស័យឌីជីថល
ភ្នំពេញ៖ មន្រ្តីជានខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ បាននិងកំពុងផ្តោតខ្លាំងលើសកម្មភាពអាទិភាពចំនួន៣ ដើម្បីកសាងធនធានមនុស្សក្នុងវិស័យឌីជីថល សំដៅឈានទៅពង្រឹងសមត្ថភាពសិស្ស-និស្សិត ចាប់តាំងពីថ្នាក់បឋមសិក្សា ដល់ឧត្តមសិក្សា។
ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតមូលដ្ឋានរបស់និស្សិតនៃមូលនិធីសហ្វវែរកូរ៉េសម្រាប់ជំនួយជាសកល (KSGA) កាលពីចុងសប្តាហ៍កន្លងទៅនេះ។
តាមរយៈក្រសួងប្រៃសណីយ៍ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកវិស័យឌីជីថល ក្រសួងមានការទទួលខុសត្រូវខ្ពស់ចំពោះការជំរុញបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការចាប់យកឌីជីថលក្នុងក្រសួងស្ថាប័ន វិស័យឯកជន និងសង្គមជាតិទាំងមូល។
លោកបានបន្តថា ក្រសួងបានផ្ដោតការយកចិត្តទុកដាក់ជាអាទិភាពលើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថល ដើម្បីពង្រឹងសមត្ថភាពសិស្ស-និស្សិត ចាប់តាំងពីថ្នាក់បឋមសិក្សា ដល់ឧត្តមសិក្សា ឱ្យចាប់អារម្មណ៍ និងជ្រើសរើសជំនាញឌីជីថល ជាយានឆ្ពោះទៅអាជីពការងារនាពេលអនាគត និងដើម្បីបំពេញតម្រូវការអ្នកជំនាញបច្ចេកិទ្យាឥតឈប់ឈរ។
ឯកឧត្តម សូ វិសុទ្ធី បានថ្លែងថា ៖ «ក្រសួង បាននិងកំពុងផ្តោតខ្លាំងលើសកម្មភាពអាទិភាពចំនួន៣ ដើម្បីកសាងធនធានមនុស្សក្នុងវិស័យឌីជីថល រួមមាន៖ ១.នៅកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ក្រសួងបានផ្តួចផ្តើមបង្កើតកម្មវិធីជាច្រើនដូចជា កម្មវិធីអនាគតបញ្ញវ័ន្តឌីជីថល និងកម្មវិធី Technovation ដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ជំរុញការចាប់យកឌីជីថល និងប្រកួតប្រជែងនានា»។
លោកបន្តថា ៖ «ទី២ នៅកម្រិតវិទ្យាល័យ ក្រសួងក៏បានចាប់ផ្ដើមរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដល់គ្រប់វិទ្យាល័យ ព្រមទាំងតភ្ជាប់បណ្តាញខ្សែកាបអុបទិកនិងអ៊ីនធឺណិតទៅដល់គ្រប់ឃុំ-សង្កាត់ ត្រឹមឆ្នាំ២០២៧ ដោយចាប់ផ្តើមដំបូងចេញពីខេត្តតាកែវ និងកម្មវិធីប្រកួតប្រជែងបញ្ញវ័ន្តឌីជីថល»។
ចំណែកទី៣ លោកថា នៅកម្រិតឧត្តមសិក្សា ក្រសួងនឹងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអ៊ីនធឺណិត មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសកលវិទ្យាល័យ ដែលបម្រើដល់ការងារប្រចាំថ្ងៃ និងការសិក្សារបស់និស្សិត ក្នុងករណី មានការស្នើសុំពីគ្រឹះស្ថានឧត្តមសិក្សានានា។
ទាក់ទងនឹងចំណុចនេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា នៅថ្ងៃទី២៤ ខែកក្កដា បានថ្លែងគាំទ្រចំពោះការធ្វើសកម្មភាពនានាការអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា ខណៈលោកថា ការបង្កើនការយកចិត្តទុកដាក់លើវិស័យឌីជីថលដោយចាប់តាំងពីថ្នាក់បឋមសិក្សា ដល់ឧត្តមសិក្សាគឺរឿងសំខាន់ ដើម្បីកសាងធនធានមនុស្សឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ហើយក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះនាពេលអនាគត។
លោកបានប្រាប់ថា ៖ «គុណតម្លៃនៃវិស័យឌីជីថល ពិតជាជំរុញឱ្យយុវជន ពិសេសសិស្សានុសិស្សកម្ពុជា ទទួលបានឱកាសការងារល្អថែមទៀត ហេតុនេះខ្ញុំយល់ថាការកសាងធនធានមនុស្ស គឺជារឿងសំខាន់បំផុតក្នុងការឈានឆ្ពោះទៅការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាកាន់តែខ្លាំង»។
បើតាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រៅពីសកម្មភាពអាទិភាពទាំង៣នេះហើយនោះ ក្រសួងក៏បានអះអាងទៀតថា បច្ចុប្បន្នក្រសួងក៏បានគិតគូរអំពីការកសាងធនធាន មនុស្សឆ្នើមក្នុងយុគសម័យឌីជីថល តាមរយៈកម្មវិធីពីរទៀត ផងដែរ។
កម្មវិធីនោះគឺ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ(Techo Digital Talent Scholarship) ដែលបច្ចុប្បន្នមាននិស្សិតសរុបចំនួន ៥០៨ នាក់ ដែលកំពុងសិក្សានៅគ្រឹះស្ថានជាដៃគូចំនួន ៥ និងកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល( Digital Skill Development Program) ដែលកំពុងរៀបចំនិងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ៕ ដោយ៖ បូរ ពេជ្រហ្សាលីន