កម្មករ និយោជិត ពលរដ្ឋ នៅតែបន្តជិះរថយន្តក្រុងរបស់រដ្ឋត្រឡប់ពីស្រុកកំណើតវិញ ក្រោយចប់ការបោះឆ្នោត
ភ្នំពេញ៖ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧កាលពីថ្ងៃទី២៣ ខែកក្កដា បានបញ្ចប់ កម្មករ និយោជិត ប្រជាពលរដ្ឋ ជាច្រើនបានធ្វើដំណើរចាកចេញពីស្រុកកំណើតរៀងៗខ្លួន ដោយបានប្រើប្រាស់មធ្យោបាយរថយន្តក្រុងសាធារណៈរបស់រដ្ឋដោយឥតគិតថ្លៃ ដើម្បីកាត់បន្ថយចំណាយ និងត្រឡប់មកបំពេញការងាររបស់ខ្លួនឡើងវិញ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៤ ខែកក្កដា បានឱ្យដឹងថា សម្រាប់ការធ្វើដំណើរពីខេត្តកំពង់ឆ្នាំង មានរថយន្តក្រុង ១៩ គ្រឿងរបស់រាជធានីភ្នំពេញមកដឹកអ្នកដំណើរនៅខេត្តរបស់លោក ត្រឡប់កន្លែងការងារវិញដោយឥតគិតថ្លៃ។រថយន្តក្រុងរបស់រាជធានីភ្នំពេញចំនួន១៩ គ្រឿង បានមកដល់ខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមដឹកអ្នកដំណើរពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងភ្នំពេញដោយឥតគិតថ្លៃ បន្ទាប់ពីបានមកធ្វើដំណើរមកចូលរួមបោះឆ្នោតបានរួចរាល់នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបានបន្តថា ជាមួយគ្នានេះ ដើម្បីបង្ហាញអំពីការគិតគូនិងយកចិត្តទុកដាក់ ខ្ញុំ និងភាគីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកំពង់ឆ្នាំងបានចុះសាកសួរសុខទុក្ខ និងពិនិត្យផ្ទាល់ពីការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋត្រឡប់ទៅកន្លែងធ្វើការវិញ។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកក្កដា ក៏បានឱ្យដឹងដែរថា ប្រជាពលរដ្ឋបានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈពីរាជធានីភ្នំពេញ មកបោះឆ្នោតក្នុងខេត្តសៀមរាប មានចំនួនច្រើនលើសការរំពឹងទុក ខណៈខេត្តសៀមរាប មានរថយន្តក្រុងសាធារណៈចំនួន ១០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ។
រដ្ឋបាលខេត្តសៀមរាប បានបន្តថា ៖ «រថយន្តក្រុងចំនួន១0គ្រឿង នឹងត្រូវផ្តល់សម្រាប់បម្រើសេវាដឹកជញ្ជូនបងប្អូនពីសៀមរាបទៅកាន់ភ្នំពេញ ដោយឥតបង់ប្រាក់ រយៈពេលពីរថ្ងៃ នៅថ្ងៃទី២ ដោយចេញដំណើរពីរាជធានីភ្នំពេញមកកាន់ខេត្តសៀមរាប និងនៅថ្ងៃទី២៤ ចេញដំណើរពីខេត្តសៀមរាប ទៅកាន់រាជធានីភ្នំពេញ ដោយឡើងមកជិះផ្ទាល់តែម្ដង និងពុំមានតម្រូវការកក់សំបុត្រទុកនោះទេ»។
ចំណែករដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែកក្កដា ក៏បានឱ្យដឹងដែរថា ខេត្តបានទទួលឡានក្រុង ១០គ្រឿង ពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់កម្មករ-និយោជិត និងប្រជាពលរដ្ឋទៅ-មក ដោយមិនគិតថ្ងៃផងដែរ។
ពាក់ព័ន្ធនឹងការធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋនេះ ទោះជាមិនទាន់បានបញ្ជាក់ច្បាស់ពីចំនួនប្រជាពលរដ្ឋដែលបានធ្វើដំណើរទាំងមុន និងក្រោយការបោះឆ្នោត មកកាន់រាជធានីភ្នំពេញជាក់លាក់នៅឡើយក្តី ប៉ុន្តែរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញកំពុងធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋពីបណ្តាខេត្ត មករាជធានីភ្នំពេញវិញ ក្រោយពីចូលរួមការបានបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ជិះដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយឡើយ។
សូមរម្លឹកដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងជាង៤០០ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ដោយមិនបង់ប្រាក់ និងមានការបែងចែកជា១០ទីតាំងនៅក្នុងរាជធានីភ្នំពេញសម្រាប់ការចេញដំណើរនិង ២៣ទីតាំងសម្រាប់ការវិលត្រឡប់មកភ្នំពេញវិញ។
ការរៀបចំរថយន្តក្រុងគឺធ្វើឡើងដោយឥតគិតថ្លៃនិងស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
តាមរយៈ ការដឹកជញ្ជូនប្រជាពលរដ្ឋតាមរយៈរថយន្តក្រុងរបស់រដ្ឋដោយឥតគិតថ្លៃនេះដែរ កន្លងមកត្រូវបានអ្នកជំនាញអ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះការចូលរួមកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋក្នុងឱកាសបោះឆ្នោត ហើយក៏ជារួមចំណែកកាត់បន្ថយការតម្លើងថ្លៃរថយន្តឈ្នូល និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាផងដែរ៕ ដោយ៖ បូរ ពេជ្រហ្សាលីន