យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និង១៩ នាក់បានបាត់ខ្លួនក្នុងហេតុការណ៍លិចស្រឡាងនៅឥណ្ឌូនេស៊ី

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) បានចុះផ្សាយនៅថ្ងៃទី២៤ ខែកក្កដានេះថា ក្រុមអាជ្ញាធរឥណ្ឌូណេស៊ីកំពុងស្វែងរកអ្នកដំណើរដែលបានបាត់ខ្លួនកាលពីថ្ងៃចន្ទ បន្ទាប់ពីពួកគេបានជិះនៅលើស្រឡាងមួយគ្រឿង ហើយក៏បានលិចចូលទៅក្នុងសមុទ្រនៅក្បែរកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ដោយបានបណ្ដាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៥ នាក់ នេះបើយោងតាមទីភ្នាក់ងារជាតិទទួលបន្ទុកក្នុងការស្វែងរក និងជួយសង្គ្រោះ។

ទីភ្នាក់ងារជាតិឥណ្ឌូនេស៊ីដដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកដំណើរ ៤០ នាក់នៅលើស្រឡាងនោះ ១៩ នាក់បានបាត់ខ្លួន ខណៈ ប្រាំមួយ នាក់ទៀតនៅរស់រានមានជីវិត។ ដោយឡែក មូលហេតុនៃការលិចសាឡាងដឹកអ្នកដំណើរមួយនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ គួរបញ្ជាក់ថា ហេតុការណ៍លិចសាឡាងនេះបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រម្សិលមិញ។

លោក មូហាម៉ាដ អារ៉ាហ្វា (Muhamad Arafah) ដែលជាមន្ត្រីទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងតំបន់បាននិយាយថា «ជនរងគ្រោះទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ និងបានប្រគល់ទៅឱ្យក្រុមគ្រួសាររួចហើយ ខណៈដែលអ្នកនៅរស់រានមានជីវិតពេលនេះ កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង»។

គួរដឹងដែរថា ទីភ្នាក់ងារជួយសង្គ្រោះបានធ្វើការចែករំលែកនូវរូបថតជាច្រើនសន្លឹក ក្នុងនោះក៏បានបង្ហាញពីរូបថតសាកសពជនរងគ្រោះដែលកំពុងគ្របដណ្តប់ដោយក្រណាត់នៅលើឥដ្ឋក្នុងមន្ទីរពេទ្យក្នុងតំបន់មួយនោះ។

គួរបញ្ជាក់ថា សាឡាងមួយគ្រឿងនេះជាទូទៅ ត្រូវបានគេប្រើប្រាស់សម្រាប់ដឹកមនុស្សឆ្លងកាត់ឈូងសមុទ្រមួយក្នុងកោះ មូណា (Muna) ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង កេនដារី (Kendari) រដ្ឋធានីនៃខេត្តស៊ូឡាវ៉េស៊ី ភាគអាគ្នេយ៍នៃប្រទេសឥណ្ឌូនេស៊ី។

សាឡាង គឺជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមនៅក្នុងប្រទេសឥណ្ឌូនេស៊ី ព្រោះប្រទេសមួយនេះជាទឹកដីប្រជុំកោះជាង ១៧០០០ កោះឯណោះ ហើយការកើតមានឡើងនូវគ្រោះថ្នាក់បែបនេះ គឺជារឿងធម្មតាទៅហើយ។

ភាគច្រើន ស្តង់ដារសុវត្ថិភាពមានភាពធូររលុង ហើយមិនត្រឹមតែប៉ុណ្ណោះ ជារឿយៗ គេតែងតែឃើញមានការអនុញ្ញាតឱ្យនាវាផ្ទុកលើសទម្ងន់ ដោយមិនមានឧបករណ៍សង្គ្រោះជីវិតគ្រប់គ្រាន់នៅលើស្រឡាងនោះទេ៕ ប្រែសម្រួល៖ ធា សុណា

ads banner