វេទិកាសម្ព័ន្ធសង្គមស៊ីវិលបង្ហាញពីជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងនាមជាអ្នកសម្របសម្រួលការងារអ្នក សង្កេតការណ៍ជាតិនិងអន្តរជាតិ បានសង្ខេបអំពីខ្លឹមសារនៃមតិសន្និដ្ឋានរបស់អ្នកសង្កេតការណ៍ជាតិនិងអន្ដរជាតិថា “តាមការលើកឡើងរបស់អ្នកសង្កេ តការណ៍ជាតិនិងអន្តរជាតិ សុទ្ធតែបានលើកឡើងនិងអះអាងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យ រលូន គ្មានអំពើហិង្សា និងដោយសន្តិវិធី។ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ប្រជាជនកម្ពុជា ជាពិសេស គ.ជ.ប. បានរៀបចំដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅដោយជោគជ័យ រលូន និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ពោលគឺប្រកបដោយសន្តិវិធី ត្រឹមត្រូវ មានតម្លាភាព មិនមានការបំភិតបំភ័យ និងគ្មានការប្រកាន់និន្នាការ នយោបាយ។ សេចក្ដីអះអាងទាំងឡាយនោះសបញ្ជាក់ថា កម្ពុជាមានភាពចាស់ទុំនិងភាពម្ចាស់ការក្នុងការរៀបចំ ដំណើរការនៃការបោះឆ្នោតរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈខ្ពស់»។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន តំណាងអ្នកសង្កេតការណ៍ជាតិ លោក នង ប៊ុនថេង នាយកអង្គការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ លោក ឡិប វុឌ្ឍ ប្រធានអង្គការសហការការពារសម្បត្តិធនធានធម្មជាតិ និងលោកស្រី ប្រុស គឹមសៀក ប្រធានសមាគមនិស្សិត បញ្ញវន្តកម្ពុជា-អាស៊ាន បានបង្ហាញអំពីចំណាប់អារម្មណ៍ថា “ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០២៣នេះ បាន ប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរី យុត្តិធម៌ និងមានតម្លាភាព»។

អ្នកសង្កេតការណ៍មកពីបណ្ដាញអង្គការមិនមែនរដ្ឋាភិបាលចិនសម្រាប់សហប្រតិបត្តិការអន្តរជាតិ (CNIE) បានសន្និដ្ឋានថា “ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានដំណើរការទៅដោយសន្តិវិធី សេរី ត្រឹមត្រូវ មានតម្លាភាព ស្របតាមស្ដង់ដារអន្តរជាតិ រួមមានភាពត្រឹមត្រូវ សន្តិវិធី តម្លាភាព និង បរិយាប័ន្ន។

ទន្ទឹមនឹងនេះ អ្នកសង្កេតការណ៍មកពីសភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៊ី ក៏បានលើកឡើងថា «នៅថ្ងៃបោះឆ្នោត ពុំឃើញមានអំពើហិង្សា ឬបណ្ដឹងតវ៉ាពីអ្នកបោះឆ្នោត បេក្ខជនគណបក្សនយោបាយ ភ្នាក់ងារ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ ឬអ្នកសារព័ត៌មានណាមួយឡើយ ហើយក៏មិនមានឃើញកើត មានសកម្មភាពបង្ខិតបង្ខំ គំរាមកំហែង ឬទិញសន្លឹកឆ្នោតឡើយ»។

ក្រុមប្រឹក្សាយុវជនអាស៊ី បានគូសបញ្ជាក់ថា “ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់។ អ្នកសង្កេតការណ៍អន្តរជាតិបានសង្កេតឃើញថា គ.ជ.ប. បានអនុវត្តតួនាទីរបស់ខ្លួន ក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ប្រកបដោយវិជ្ជាជីវៈនិងមានប្រសិទ្ធភាពខ្ពស់ តាមរយៈការប្រើប្រាស់នូវនីតិវិធីថ្មីៗ ដូចជាសន្លឹកឆ្នោតសម្រាប់ជនពិការភ្នែក និងការសម្រួលនីតិវិធីសម្រាប់ អ្នកបោះឆ្នោតជាស្ត្រី មានផ្ទៃពោះ ចាស់ជរា និងជនមានពិការភាព៕

ads banner