ក្រុមហ៊ុននាំចេញអង្ករ៖ បច្ចុប្បន្ន តម្រូវការអង្ករស ឬអង្ករធម្មតា មានកំណើនទើបជំរុញឱ្យស្រូវ អ៊ីអ៊ែរ និង អូអឹម ឡើងថ្លៃ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រុមហ៊ុននាំចេញអង្ករក្នុងស្រុក បានឱ្យដឹងថា កត្តាដែលធ្វើឱ្យតម្លៃស្រូវនៅទីវាល ពិសេសប្រភេទពូជស្រូវប្រាំង អ៊ីអ៊ែរ(IR )និង អូអឹម(OM )មានតម្លៃខ្ពស់នេះ ដោយសារតែនៅតាមបណ្តាប្រទេសមួយចំនួនក្នុងពិភពលោក ដូចជាក្នុងតំបន់អឺរ៉ុប និងអាស៊ីមានតម្រូវការខ្ពស់ ធ្វើឱ្យអង្ករសឡើងថ្លៃ ទើបជំរុញឱ្យប្រភេទស្រូវ IR និង OM ដែលផលិតចេញជាអង្ករសនោះ មានការកើនឡើងផងដែរ។

លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វ អេស៊ា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ថា បច្ចុប្បន្ននេះ ទីផ្សារអង្ករនៅលើពិភពលោកមានការកើនឡើង ពិសេសប្រភេទអង្ករស ឬអង្ករធម្មតា ដែលជាប្រភេទអង្ករបាយរឹង និងបាយទន់ ឃើញថាមានតម្រូវការខ្ពស់។

លោកបានលើកឡើងដូច្នេះថា ៖ «មូលហេតុដែលខ្ញុំមើលឃើញបែបនេះ ដោយសារតែទី១ បញ្ហាប្រែប្រួលអាកាសធាតុ ដោយសារប្រទេសក្នុងតំបន់អឺរ៉ុប អូស្រ្តាលី អាមេរិកជាដើម ជួបគ្រោះរាំងស្ងួតកាលពីដើមឆ្នាំនេះ ដែលធ្វើឱ្យតម្រូវការអង្ករមានការកើនឡើង ជាពិសេសប្រទេសឥណ្ឌា ដោយសារបញ្ហានេះ បានបិទការនាំចេញអង្ករស និងអង្ករបាក់ ដើម្បីបំពេញតម្រូវការក្នុងស្រុករបស់គេ»។

«ចំណែកប្រទេសក្នុងអាស៊ានយើង ដែលរួមមានឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម ដែលជាប្រទេសមានប្រជាជនច្រើន បានជួបបញ្ហាកង្វះខាតការផ្គត់ផ្គង់អង្ករនេះដែរ ដោយបានបញ្ជាទិញអង្ករសនេះជាបន្តបន្ទាប់ ពីប្រទេសក្នុងតំបន់អាស៊ានដូចគ្នាដូចជា ទិញពីវៀតណាម និងកម្ពុជា ជាដើម»។ លោក ចាន់ ពេជ្រ បានបញ្ជាក់បន្ថែម។

លោកបានបន្ថែមថា នៅពេលដែលការកាត់បន្ថយថ្លៃដើម ចាប់ផ្តើមមានភាពប្រសើរឡើង លោកសង្កេតឃើញថា ទីផ្សារហ្វីលីពីន នឹងអាចជួយជំរុញឱ្យកម្ពុជាអាចនាំអង្ករចេញបានច្រើន រហូតដល់ខ្ទង់លានតោន ដោយសារហ្វីលីពីនមានតម្រូវការខ្ពស់ មានប្រជាជនច្រើន។

លោក គឹម សាវុធ ប្រធានក្រុមហ៊ុនខ្មែរហ្វូតគ្រុប ជាក្រុមហ៊ុនក្នុងស្រុកនាំចេញអង្ករដ៏ធំមួយ ទៅទីផ្សារប្រទេសជាច្រើននៅលើពិភពលោកបានប្រាប់ឱ្យដឹងដែរថា បញ្ហាវិបត្តិសង្គ្រាម ធ្វើឱ្យមានវិបត្តិដឹកជញ្ជូន(ឡើងថ្លៃផង) និងការប្រែប្រួលអាកាសធាតុផង បានធ្វើឱ្យតម្លៃស្បៀងកើនឡើង ពិសេសប្រទេសដែលនាំចូលស្បៀង ជួបបញ្ហាច្រើន ដោយសារតែតម្លៃអង្ករឡើងថ្លៃ។

លោកបានបញ្ជាក់ថា ៖ «ស្រូវប្រាំង IR និងOM ហាក់មានតម្លៃខ្ពស់នារយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតំលៃវត្ថុធាតុដើម តំលៃពលកម្មនិងតំលៃជីឡើងថ្លៃដែរ។ ម្យ៉ាងវិញទៀត តម្លៃស្បៀងពិភពលោកឡើងថ្លៃដូចគ្នា ជាពិសេសចាប់តាំងពីមានសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលបញ្ហាអាកាសធាតុរាំងស្ងួត បានធ្វើឱ្យប្រទេសមួយចំនួនផលិតស្បៀងមិនបានគ្រប់គ្រាន់តាមត្រូវការ»។

ចំណែក អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាហ្គ្រីប៊ីAgribee (Cambodia) លោក យ៉ង ប៉ាក់ យល់ឃើញថា នៅពេលតម្លៃស្រូវនៅទីវាល ជាពិសេសប្រភេទពូជស្រូវប្រាំង IR និង OM មានតម្លៃខ្ពស់បែបនេះ ការបញ្ជាទិញពីរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកអាចនឹងមានការធ្លាក់ចុះ ហើយស្រូវនឹងត្រូវបានប្រមូលទិញដោយវៀតណាមវិញ។

លោកបានប្រាប់ថា ៖ «ពេលស្រូវឡើងថ្លៃរោងម៉ាស៊ីនក្នុងស្រុកទិញបានតិចតួចបំផុត ដូចនេះការនាំចេញអង្ករស ក៏មិនបានច្រើនដែរ ហើយកសិករយើងភាគច្រើនលក់ស្រូវសើមឱ្យវៀតណាម ខណៈដែលរោងម៉ាស៊ីនក្នុងស្រុកយើង មិនសូវហ៊ានទិញស្រូវស្តុកទុកទេ ដោយសារតែតម្លៃលើទីផ្សារមិនមានភាពច្បាស់លាស់»។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ ស្រូវប្រភេទ IR មានតម្លៃ ១ ០៤៧រៀល ក្នុងមួយគីឡូក្រាម ខណៈស្រូវប្រភេទ OM មានតម្លៃ ១ ០២៩រៀល ក្នុងមួយ គីឡូក្រាម។

ក្រសួងបន្តថា ចំណែកឯប្រភេទពូជស្រូវសែនក្រអូបវិញ គឺមានតម្លៃខ្ពស់ជាងគេ បើធៀបនឹងប្រភេទពូជស្រូវ IR និង OM ប៉ុន្តែតម្លៃស្រូវសែនក្រអូបមិនសូវមានការប្រែប្រួលទេ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយជាមធ្យម មានតម្លៃចន្លោះពី ១០០០-១២៦០រៀល ក្នុងមួយគីឡូក្រាម៕ ដោយ៖ វណ្ណ សុជាតា

ads banner