គណៈប្រតិភូអន្តរសភាអាស៊ាន AIPA បញ្ជាក់ថាការបោះឆ្នោតនៅកម្ពុជា ស្របតាមគោលការណ៍ប្រជាធិបតេយ្យ (Video Inside)
គណៈប្រតិភូអន្តរសភាអាស៊ាន AIPA បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនបញ្ជាក់ថា ការបោះឆ្នោតសកលនៅកម្ពុជា បានស្របទៅតាមគោលការណ៍ នៃដំណើរការលទ្ធិប្រជាធិបតេយ្យ។
សេចក្តីថ្លែងការណ៍ថ្ងៃទី២៤កក្កដា បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នៅកម្ពុជា បានអនុញ្ញាតឱ្យគណបក្សនយោបាយ ចូលរួមប្រកួតប្រជែង និងចូលរួមដោយសេរី ដែលបង្ហាញពីដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវនៅកម្ពុជា។
សេចក្តីថ្លែងការណ៍ដដែលបានសរសើរចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការរៀបចំដំណើរការបោះឆ្នោត ដែលបានបង្ហាញពីទិដ្ឋភាពវិជ្ជមានជាច្រើន និងមានការរៀបចំបានល្អ។
គណៈប្រតិភូ AIPA បានថ្លែងថា គេមានឱកាស ដើម្បីសង្កេតមើលអំឡុងពេលមុនការបោះឆ្នោត និងត្រូវបានកត់សម្គាល់ថា មានបរិយាកាសស្ងប់ស្ងាត់ និងសន្តិភាពដែលអនុញ្ញាតឱ្យគណបក្សនយោបាយ និងបេក្ខជនធ្វើយុទ្ធនាការដោយសេរី។
សេចក្តីថ្លែងការណ៍បានសរសេរថា គណៈប្រតិភូមិនបានជួបប្រទះនូវការអនុវត្តការបំភិតបំភ័យ ការបង្ខិតបង្ខំ ឬអំពើហិង្សាណាមួយ ក្នុងអំឡុងពេលដំណើរការសង្កេតការណ៍ នៅឯការិយាល័យបោះឆ្នោត ដែលបានទៅទស្សនានោះទេ។
គណៈប្រតិភូ AIPA បានធ្វើការសន្និដ្ឋានថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ នៅកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យ និងថាបានអនុញ្ញាតឱ្យប្រជាជនកម្ពុជាប្រើប្រាស់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ តាមរយៈការបោះឆ្នោត ផ្ទាល់ជាសកល និងសម្ងាត់ ដែលគ្រប់គ្រងដោយច្បាប់ជាតិ និងអន្តរជាតិ៕