ក្រសួងការបរទេសកម្ពុជាចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធការវាយតម្លៃបោះឆ្នោតសកល (Video Inside)
ក្រសួងការបរទេសបានលើកឡើងពាក់ព័ន្ធការវាយតម្លៃ និងការចាប់អារម្មណ៍នានា របស់ក្រុមសង្កេតការណ៍អន្តរជាតិ ជុំវិញដំណើរការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍ព័ត៌មានបានលើកឡើងនូវការកត់សម្គាល់ធំៗ៥ចំណុចជាមួយការចាត់ទុកថា «ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា»។
ចំណុចទាំង៥ដែលបានកត់សម្គាល់ជុំវិញការវាយតម្លៃ រួមមានទី១ អត្រាខ្ពស់ នៃអ្នកចូលរួមបោះឆ្នោតបង្ហាញអំពីប្រជាធិបតេយ្យដ៏រស់រវើក។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាមានអ្នកបោះឆ្នោតជាង៨លាន២សែននាក់ គឺប្រមាណ ៨៤,៥៨ភាគរយ ដែលលើសពីអត្រាអ្នកចូលរួមការបោះឆ្នោតជាតិចំនួន៤លើកកន្លងមក ចាប់តាំងពីឆ្នាំ២០០៣នោះមក។
ទី២ ការប្រកាន់ខ្ជាប់នូវគុណតម្លៃប្រជាធិតេយ្យ។ ក្រសួងការបរទេសបានថ្លែងថាអត្រាអ្នកបោះឆ្នោតដ៏ខ្ពស់បំផុតនេះ បង្ហាញពីការបដិសេធយ៉ាងច្បាស់ ចំពោះការអំពាវនាវឱ្យធ្វើពហិកាបោះឆ្នោត និងយុទ្ធនាការលាបពណ៌ ដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណងឱ្យមានការផ្លាស់ប្តូររបបតាមរយៈវិធីសាស្ត្រមិនមែនប្រជាធិបតេយ្យ។
ទី៣ អ្នកសង្កេតការណ៍មិនលំអៀង។ ដំណើរការបោះឆ្នោតនេះ ចូលរួមដោយក្រុមសង្កេតការណ៍អន្តរជាតិចំនួន៤២២នាក់ ដែលតំណាងមកពី៦៥សញ្ជាតិ មកពី៦១ស្ថាប័ន រួមមានអង្គការអន្តរជាតិ, រដ្ឋាភិបាលបរទេស, អង្គទូត និងសហគមន៍អនិកជនកម្ពុជានៅបរទេស។
ការបោះឆ្នោតនេះត្រូវបានតាមដានយ៉ាងដិតដល់ដោយភ្នាក់ងារគណបក្សនយោបាយ ជិត៦ម៉ឺននាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន ៩ម៉ឺននាក់ ដែលសុទ្ធតែបានបញ្ជាក់ថា ការបោះឆ្នោតនេះ ប្រព្រឹត្តដោយតម្លាភាព និងភាពត្រឹមត្រូវ។ ទី៤ ការគោរពតាមច្បាប់ជាធរមាន, និងទី៥ ពហុបក្សនយោបាយប្រកបដោយបរិយាប័ន្ន។
សេចក្តីថ្លែងការណ៍បញ្ជាក់ចុងក្រោយថា ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងពិតប្រាកដ ពីភាពចាស់ទុំខាងប្រជាធិបតេយ្យ របស់កម្ពុជា តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលុប និងធម្មានុរូប នៃការបោះឆ្នោត ដូចដែលត្រូវបានបញ្ជាក់ដោយភាពចម្រុះនៃក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។