៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់ ២០០ករណី (Video Inside)
ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ។ ដោយឡែកប្រទេសកម្ពុជា ពុំមានរកឃើញឆ្លងថ្មីករណីកូវីដ១៩ឡើយ ក្នុងរយៈ ៧២ម៉ោងមកនេះ ដែលនាំឲ្យមិនមានអ្នកឆ្លងសោះមានរយៈពេល ៦ថ្ងៃជាប់គ្នាមកហើយ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ២៨៥ករណី ដែលជាតួលេខឆ្លងបន្តថយចុះបន្ថែមទៀតច្រើនរហូតដល់ចំនួន ៣ពាន់ ៥៩១ករណី បើប្រៀបធៀបការឆ្លងបីថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។
ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៧៨៩ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៨ករណី។ ប្រទេសសឹង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មាន ១៤នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន, ឥណ្ឌូនេស៊ី និងប្រទេសថៃ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣០ម៉ឺន ៥ពាន់ ៧៧៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៥៩០នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩១លានករណី, និងការស្លាប់មានជាង ៦លាន ៨៩ម៉ឺននាក់៕