មនុស្ស៣នាក់ក្នុងបណ្តាញតេឡេក្រាមសង្គម «Sabai សប្បាយ» ចេញមុខសារភាពកំហុស (Video Inside)
មនុស្សបីនាក់ក្នុងបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ដែលទទួលបទបញ្ជាពីទណ្ឌិត សម រង្ស៊ី ក្នុងការធ្វើវិច្ឆេទ្ធកម្មការបោះឆ្នោត បានចេញមុខសារភាពកំហុស។
មនុស្សទាំងបីនាក់ ដែលរួមមាន២នាក់ជាស្ត្រី និងម្នាក់ជាបុរស គឺជាមនុស្សក្នុងចំណោម ៤៤នាក់ ស្ថិតក្នុងបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ដែលសមត្ថកិច្ចបានរកឃើញថា ទទួលបទបញ្ជាពីទណ្ឌិត សម រង្ស៊ី ដើម្បីធ្វើវិច្ឆេទ្ធកម្មបំផ្លាញលទ្ធផលការបោះឆ្នោត។
ស្ត្រីឈ្មោះ ឡេង សុវណ្ណ បានសារភាពកំហុស និងសុំការយោគយល់សន្តោសប្រណីពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បណ្តាញតេឡេក្រាម «Sabai សប្បាយ» ត្រូវបានបិទការផ្សាយរបស់ខ្លួនភ្លាមៗ ក្រោយការរកឃើញរបស់សមត្ថកិច្ចពាក់ព័ន្ធនឹងការអនុវត្តគម្រោងការណ៍ទុច្ចរិតតាមការញុះញង់របស់ សម រង្ស៊ី។
យុវជនម្នាក់ឈ្មោះ សយ ឧត្តម (Soy Otdom) ក្នុងគ្រុប Telegram «Sabai សប្បាយ» បានចេញមកសារភាពកំហុស និងសុំការយោគយល់ សន្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការចេញសារភាពនេះ បានធ្វើឡើងក្រោយប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវមនុស្សទាំង ៤៤នាក់ ដែលស្ថិតក្នុងបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ចេញមុខសារភាព ដើម្បីការបញ្ចៀសផុតពីការចោទប្រកាន់តាមផ្លូវតុលាការ ក្រោយការបែកធ្លាយនូវទង្វើទុច្ចរិតទាំងនេះ ក្នុងពេលដែលប្រទេសកម្ពុជា កំពុងធ្វើការបោះឆ្នោតសកល។
ស្ត្រីម្នាក់ទៀតឈ្មោះ ថាច់ ជាចាន់ថា ដែលជាយុវជនគណបក្សភ្លើងទៀន មានទីលំនៅនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញមុខទទួលស្គាល់នូវកំហុសរបស់ខ្លួន និងសុំការសន្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន ដែលខ្លួនជឿខុសលើការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី ចូលរួមញុះញង់បំផ្លាញការបោះឆ្នោតសកល។
នៅជាមួយនឹងការរកឃើញមនុស្សរៀបចំជាប្រព័ន្ធ ដើម្បីអនុវត្តតាមគម្រោងឧបាយកលទុច្ចរិត សមត្ថកិច្ចនៅបានរកឃើញមនុស្សមួយចំនួនទៀតដែលអនុវត្តតាមទណ្ឌិត សម រង្ស៊ី។ អតីតក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀន ខេត្តព្រះសីហនុ ឈ្មោះ ឆាយរ៉ាត់ ដែលជាអនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តព្រះសីហនុ បានថ្លែងថា គាត់បានគូសខ្វែងសន្លឹកឆ្នោតចោលដោយសារការជឿតាមសម្តីញុះញង់របស់ទណ្ឌិត សម រង្ស៊ី។ ឈ្មោះ ឆាយរ៉ាត់ នៅថ្ងៃទី២៤កក្កដានេះ ក៏បានចេញមកសារភាពទោសកំហុស និងបានសុំទោស ចំពោះសម្ដេចតេជោ ហ៊ុន សែន។
យោងតាមប្រភពដែលស្និទ្ធនឹងការរៀបចំការបោះឆ្នោត បានថ្លែងថាចំនួនសន្លឹកឆ្នោតគូសខ្វែង និងសន្លឹកឆ្នោតជាច្រើនទៀត ដែលគេចាត់ទុកថា មិនបានការក្នុងការបោះឆ្នោតសកល ថ្ងៃទី២៣កក្កដាកន្លងមកនេះ រួមមានសរុបជាង៤០ម៉ឺនសន្លឹក។