ឡូហ្គោ Twitter ត្រូវបានដកចេញពីទីស្នាក់ការកណ្តាល
សាន់ហ្វ្រាន់ ស៊ីស្កូ ៖ ក្រុមបុគ្គលិកបានដកឡូហ្គោ Twitter ចេញពីទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបណ្តាញដ៏ធំមួយនេះ នៅក្នុងទីក្រុងសាន់ហ្វ្រាន់ ស៊ីស្កូ (San Francisco)។
បន្ទាប់ពីម្ចាស់ក្រុមហ៊ុនបណ្តាញសង្គម Twitter ប្រកាសពីផែនការផ្លាស់ប្តូររូបសញ្ញាសម្គាល់នោះ ក្រុមបុគ្គលិកបានដក ឡូហ្គោ Twitter ចេញពីទីស្នាក់ការកណ្តាល នៅក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិកហើយ កាលពីថ្ងៃទី២៤ ខែកក្កដា។
លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុនបណ្តាញសង្គម Twitter បានប្រកាសពីការផ្លាស់ប្តូររូបសញ្ញា Twitter ដោយជំនួសបក្សីពណ៌ខៀវដែលទទួលស្គាល់ដោយពិភពលោក ជាមួយនឹងអក្សរ X ពណ៌ស ជាការប្រកាសខណៈដែលមហាសេដ្ឋីពិភពលោករូបនេះបាននិងកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំសម្បើមមួយនេះ។
លោក Musk និងនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter គឺលោកស្រី Linda Yaccarino បានប្រកាសពីការផ្លាស់ប្តូរស្លាកយីហោឡើងវិញនេះ កាលពីថ្ងៃអាទិត្យ ដោយបានលុបចោលស្លាកសញ្ញាដ៏ល្បីល្បាញបំផុតមួយ នៅក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលចុងក្រោយបំផុត ចាប់តាំងពីមហាសេដ្ឋី Elon Musk បានកាន់កាប់ Twitter កាលពីប្រាំបួនខែមុន។
ទំនាក់ទំនងរបស់លោក Musk ទៅនឹងអក្សរ X បានត្រលប់មកវិញ ក្នុងពេល២៤ ឆ្នាំ នៅពេលដែលលោកបានបង្កើត X.com ដែលក្រោយមក ត្រូវបានប្តូរឈ្មោះទៅជា PayPal ទោះបីជាលោកមានការជំទាស់ក៏ដោយ។ ក្រុមហ៊ុនអវកាសរបស់លោក Elon Musk ត្រូវបានគេហៅថា SpaceX ហើយក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Twitter ត្រូវបានប្តូរទៅជា X កាលពីដើមឆ្នាំនេះ។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ ក៏បានសរសេរលើTwitter នៅក្រោមអត្តសញ្ញាណថ្មី របស់គេហទំព័រ ដោយប្រកាសថា ការបង្ហោះ នឹងត្រូវបានគេហៅថា “X” ដែលជូនដំណឹងទៅសាធារណជន ឱ្យឈប់សំដៅលើ «ការបង្ហោះ» ដែលគេតែងហៅថា Tweet នោះ ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត