ហ្វីលីពីន៖ សង្គ្រាមគ្រឿងញៀនមាន «ទម្រង់ថ្មី»
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនអះអាងថា «សង្គ្រាមប្រឆាំងគ្រឿងញៀន» ក្នុងប្រទេសមាន «ទម្រង់ថ្មី» ។ ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន ម៉ាកូស (Ferdinand Marcos) មានប្រសាសន៍ថា យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់ប្រទេសនេះបាន “ចាប់ផ្តើមមុខមាត់ថ្មី” ដោយផ្តោតលើការស្តារនីតិសម្បទា និងការអប់រំ ប៉ុន្តែសកម្មជនទទូចថា មនុស្សនៅតែត្រូវបានសម្លាប់ដោយខុសច្បាប់។
មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមគ្រឿងញៀន ដែលចាប់ផ្តើមដោយអតីតប្រធានាធិបតី ឌូតឺតេ តាំងពីឆ្នាំ ២០១៦ ដែលបង្កឱ្យមានការថ្កោលទោស និងការស៊ើបអង្កេតអន្តរជាតិលើការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស។
ការបង្រ្កាបដ៏សាហាវនេះបានបន្តនៅក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ម៉ាកូស បើទោះបីជាលោកបានជំរុញឱ្យមានការសង្កត់ធ្ងន់កាន់តែខ្លាំង លើការការពារ និងការព្យាបាលក៏ដោយ។
ការសម្លាប់មនុស្ស ទាក់ទងនឹងគ្រឿងញៀន ចំនួនជាង៣៥០នាក់ ត្រូវបានកត់ត្រា ចាប់តាំងពីលោកម៉ាកូស ចូលកាន់តំណែង ក្នុងខែមិថុនា ឆ្នាំ ២០២២មក នេះបើយោងតាមតួលេខចងក្រងដោយ ដាហាស់ (Dahas) ដែលជាគម្រោងស្រាវជ្រាវ គាំទ្រដោយសាកលវិទ្យាល័យហ្វីលីពីន ដែលកត់ត្រាចំនួននៃការសម្លាប់បែបនេះ។
លោក ម៉ាកូស បាននិយាយក្នុងសុន្ទរកថារដ្ឋ ជាលើកទីពីរ របស់លោកទៅកាន់សមាជិកសភា អ្នកការទូត និងចៅក្រមថា៖ «យុទ្ធនាការប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់នៅតែបន្ត ប៉ុន្តែវាបានឈានទៅមុខថ្មី»។
លោកប្រធានាធិបតីហ្វីលីពីនរូបនេះបានមានប្រសាសន៍ថា៖ «ឥឡូវនេះ វាត្រូវបានតម្រង់ឆ្ពោះទៅរកការព្យាបាលតាមសហគមន៍ ការស្តារនីតិសម្បទា ការអប់រំ និងការធ្វើសមាហរណកម្មឡើងវិញ ក្នុងចំណោមពលរដ្ឋដែលរងផលប៉ះពាល់របស់យើង»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត