អ៊ីស្រាអែលឃុំខ្លួនមនុស្ស៤០នាក់ ដែលធ្វើបាតុកម្មប្រឆាំងកំណែទម្រង់តុលាការ
ហ្ស៊េរុយសាឡិម៖ ប៉ូលិសប្រទេសអ៊ីស្រាអែលបានឃុំខ្លួនមនុស្ស៤០នាក់ ក្នុងការជួបជុំតវ៉ាប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធតុលាការ។
មន្ត្រីប៉ូលិសអ៊ីស្រាអែលបានឃុំខ្លួនមនុស្ស ៤០ នាក់រួចហើយ ក្នុងអំឡុងពេលបាតុកម្មដោយឯកឯង ដែលបានផ្ទុះឡើងក្នុងប្រទេស កាលពីថ្ងៃចន្ទ សប្តាហ៍នេះ ពោលគឺបន្ទាប់ពីសភាបានអនុម័តច្បាប់ដំបូង នៅក្នុងសំណុំនៃគំនិតផ្តួចផ្តើមកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសមួយ។
យោងតាមស្ថានីយ៍វិទ្យុ Kan បានឲ្យដឹងថា មនុស្ស ១៥នាក់ត្រូវបានឃុំខ្លួន នៅទីក្រុង Tel Aviv ជាកន្លែងដែលការប្រមូលផ្តុំដ៏ធំមួយកំពុងដំណើរការ។ ការប្រមូលផ្តុំតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើង កាលពីយប់ថ្ងៃច័ន្ទ នៅទូទាំងប្រទេសអ៊ីស្រាអែល បន្ទាប់ពីសមាជិកសភាអ៊ីស្រាអែលបានអនុម័តដោយការបោះឆ្នោតភាគច្រើន លើសេចក្តីព្រាងច្បាប់ស្តីពីគំនិតផ្តួចផ្តើមកំណែទម្រង់ប្រព័ន្ធតុលាការ។
នៅតាមតំបន់មួយចំនួន ក្រុមបាតុករបានព្យាយាមបិទចរាចរណ៍លើផ្លូវធំៗ។ នៅតំបន់ខ្លះ ប៉ូលីស បានប្រើកាណុងបាញ់ទឹក ដើម្បីគ្រប់គ្រងហ្វូងមនុស្ស៕ ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត

