រដ្ឋបាលស្រុកក្រឡាញ់ នឹងពង្រីកការអនុវត្តនូវការគោរពទង់ជាតិដល់អ្នកដំណើរនៅគ្រប់បណ្តាឃុំបន្ថែមទៀត

អត្ថបទដោយ៖
CPA

សៀមរាប៖ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ ខេត្តសៀមរាបបានឱ្យដឹងថា រដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាបនឹងពង្រីកការអនុវត្តឱ្យពលរដ្ឋគោរពទង់ជាតិនៅគ្រប់បណ្តាឃុំបន្ថែមទៀតយ៉ាងយូរនៅក្រោយរាជរដ្ឋាភិបាលអាណត្តិថ្មីបានបង្កើតឡើង។

លោកបានបន្តថា ការពង្រីកឱ្យមានការគោរពទង់ជាតិនៅគ្រប់បណ្តាឃុំបន្ថែមទៀតនេះ គឺបន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ បន្ទាប់រដ្ឋបាលស្រុកចាប់ផ្តើមអនុវត្តឱ្យអ្នកដំណើរឆ្លងកាត់ស្រុកក្រឡាញ់ទាំងអស់ចូលរួមគោរពទង់ជាតិ កាលពីថ្ងៃទី២៤ ខែកក្កដា។

លោក សុខ ណារ៉េត បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ថា ការពង្រីកឱ្យគោរពទង់ជាតិនៅគ្រប់ប ណ្តាឃុំបន្ថែមទៀតនេះ ក្នុងគោលបំណងដូចនឹងការអនុវត្តនៅក្នុងស្រុកក្រឡាញ់ដែរ ពោលគឺចង់រួមចំណែកថែរក្សា លើកកម្ពស់អត្តសញ្ញាណជាតិ និងស្មារតីដល់សាធារណៈជន។

លោកបានបន្តថា ៖ «ការគោរពទង់ជាតិថ្ងៃដំបូងនេះ ពោលនៅថ្ងៃទី២៤ ខែកក្កដា ទោះជាថ្ងៃឈប់សម្រាកបន្ទាប់ពីថ្ងៃបោះឆ្នោត ក៏មានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងជួយសម្រួលចរាចរណ៍ ក្រុមប្រឹក្សាឃុំកំពង់ថ្កូវ ឃុំក្រឡាញ់ អាជីវករលក់ដូរ និងអ្នកដំណើរតាមដងផ្លូវនៅក្នុងទីប្រជុំជនស្រុក យុវជន និងអ្នកសារព័ត៌មានផងដែរ»។

លោក សុខ ណារ៉េត បានបន្តថា ៖ «ខ្ញុំរីករាយ ដោយឃើញការចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយការយកចិត្តទុកដាក់របស់គ្រប់អ្នកចូលរួម ពិសេសបងប្អូនអ្នកដំណើរលើដងផ្លូវដែលបានឈប់មធ្យោបាយធ្វើដំណើរក្នុងការចូលរួមគោរពទង់ជាតិ»។

ដោយមើលឃើញពីភាពជោគជ័យ និងចាប់ផ្ដើមប្រព្រឹត្តទៅតាមគោលបំណងរំពឹងទុក លោក សុខ ណារ៉េត បានបញ្ជាក់ថា យ៉ាងយូរនៅក្រោយរាជរដ្ឋាភិបាលអាណត្តិថ្មីបានបង្កើតឡើង រដ្ឋបាលស្រុក នឹងពង្រីកការអនុវត្តឱ្យគោរពទង់ជាតិនៅគ្រប់បណ្តាឃុំទាំង១០ របស់ស្រុកក្រឡាញ់បន្ថែមទៀត។

ឃុំទាំង១០ ក្នុងស្រុកក្រឡាញ់ រួមមាន៖ ឃុំចន្លាស់ដៃ ,ឃុំកំពង់, ឃុំក្រឡាញ់, ឃុំក្រូចគរ, ឃុំរោងគោ, ឃុំ សំបួរ, ឃុំសែនសុខ, ឃុំស្នួល, ឃុំស្រណាល និងឃុំតាអាន។

ពាក់ព័ន្ធនឹងរឿងនេះដែរ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកក្កដា បានលើកឡើងថា ការអនុវត្តឱ្យគោរពទង់ជាតិនៅតាមផ្លូវក្នុងទីប្រជុំជនបណ្ដាស្រុក និងទីរួមខេត្តសៀមរាបនោះ ក៏ធ្លាប់បង្កើតឱ្យមានដែរ ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ហើយប្ចុប្បន្នសកម្មភាពនេះ នៅតែបន្តអនុវត្តនៅតាមមន្ទីរ និងស្ថាប័នជាច្រើននៅខេត្តសៀមរាបនេះ។

លោក លី សំរិទ្ធ បានបញ្ជាក់ថា ៖ «ទោះជាបច្ចុប្បន្នខេត្តសៀមរាប មិនទាន់មានគម្រោងរៀបចំឱ្យមានការអនុវត្តការគោរពទង់ជាតិសម្រាប់អ្នកធ្វើដំណើរនៅទូទាំងខេត្តក្តី ប៉ុន្តែរដ្ឋបាលខេត្តគាំទ្រឱ្យបណ្តាស្រុកនានារៀបចំសកម្មភាពនេះ ព្រោះវាជាសកម្មភាពមួយ នឹងផ្តល់ផលប្រយោជន៍ច្រើនដល់សាធារណជន ពិសេសមន្ត្រីរាជការ ពលរដ្ឋ ឱ្យមានស្មារតីស្រឡាញ់អត្តសញ្ញាណដួងព្រលឹងជាតិ ហើយវាក៏ជាចំណែកជួយលើកកម្ពស់សណ្តាប់ធ្នាប់ផងដែរ»។

សូមរម្លឹកដែរថា រដ្ឋបាលស្រុកក្រឡាញ់ បានចាប់ផ្ដើមឱ្យអនុវត្តការគោរពទង់ជាតិនៅតាមផ្លូវក្នុងទីប្រជុំជនស្រុក ចំពោះអ្នកដែលធ្វើដំណើរឆ្លងកាត់ទីរួម ស្រុកក្រឡាញ់ ធ្វើដំណើរតាមដងផ្លូវ និងពលរដ្ឋដែលរស់នៅក្បែរក្នុងតំបន់ ចាប់ពីមុខអគារសាលាស្រុក រហូតដល់ផ្លូវបំបែករង្វង់មូលគ្រុឌថ្លែងសរ ដោយត្រូវឈប់ និង ក្រោកឈរ ដើម្បីគោរពភ្លេងជាតិ តាមរយៈការចាក់ផ្សាយតាមវិទ្យុបណ្តាញ របស់ស្រុក ដែលមានឧគ្ឃោសនស័ព្ទបំពាក់នៅតាមបង្គោលតាមដងផ្លូវ។

ការអនុវត្តការគោរពទង់ជាតិដល់អ្នកដំណើរឆ្លងកាត់ស្រុកក្រឡាញ់ទាំងអស់ គឺធ្វើឡើងរៀងរាល់ព្រឹកថ្ងៃចន្ទ និងថ្ងៃសុក្រ។ ជុំវិញករណីនេះ កន្លងមកត្រូវបានអ្នកជំនាញផ្នែកប្រវត្ថិសាស្រ្តនៅកម្ពុជា ចាត់ទុកថា នេះគឺជាសកម្មភាពគំរូ និងចង់ឱ្យមានសកម្មភាពបែបនេះនៅទូទាំងប្រទេសផងដែរ៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner