សហគមន៍តាំងយូរ ភ្នំត្បែងមានជ័យ ក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តលម្ហែជាមួយនឹងធម្មជាតិដ៏សម្បូរបែប

ភ្នំពេញ៖សំលេងសត្វ និងសំលេងទឹកជ្រោះ បានធ្វើឲ្យសហគមន៍តាំងយូរ ភ្នំត្បែងមានជ័យ ស្ថិតនៅឃុំបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តលម្ហែជាមួយនឹងធម្មជាតិដ៏សម្បូរបែប។ ថ្លែងប្រាប់ក្រុមការងារទូរទស្សន៍អប្សរា លោក ចាន់ វ៉ាន់ណូ ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ បានមានប្រសាសន៍ថា សហគមន៍ខាងលើនេះ មានឈ្មោះដើមថា “សហគមន៍ព្រៃឈើសេដ្ឋកិច្ចរុងរឿង” បង្កើតឡើងលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ប៉ុន្តែត្រូវបានរំសាយចោលម្តង តែបង្កើតឡើងម្តងទៀតក្នុងឆ្នាំ២០១៩ ដែលមានឈ្មោះថា សហគមន៍តំបន់ការពារធម្មជាតិតាំងយូរគណកម្មការ៩នាក់ដឹកនាំ និងមានសមាជិកសរុប៤០៥នាក់ ធ្វើសកម្មភាពការពារព្រៃឈើ សត្វព្រៃ និងរុករកតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗបន្ថែមទៀត។ លោក វ៉ាន់ណូ បន្តថា សហគមន៍តាំងយូរ គឺជាតំបន់កណ្តាល នៃភ្នំត្បែងមានជ័យ ដែលមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ និងមានតំបន់ធម្មជាតិសំខាន់ៗជាច្រើន។ បើភ្ញៀវទេសចរមកដល់សហគមន៍តាំងយូរ ចង់ទស្សនាតំបន់ធម្មជាតិបានច្រើនកន្លែងត្រូវសម្រាកនៅទីនេះ មួយថ្ងៃឬ២ថ្ងៃទើបអាចដើរទស្សនាបានច្រើន ដូចជា ដើមឈើធំៗ ទស្សនាថ្ងៃលិច ទឹកធ្លាក់ថ្មហួត កណ្តុរសចាក់ក្រវិល។
លោក ចាន់ វ៉ាន់ណូ បន្ថែមថា សហគមន៍បានបង្កើតសេវាកម្មជូនភ្ញៀវ ដោយមគ្គុទ្ទេសក៍នាំភ្ញៀវឡើងភ្នំ ដឹកជញ្ជូនអីវ៉ាន់ភ្ញៀវ សេវាកម្មហូបចុក និងសេវាកម្មស្នាក់នៅ។ ចំពោះសេវាកម្មនាំភ្ញៀវ តម្លៃ១០ដុល្លារក្នុងមួយថ្ងៃ ដែលភ្ញៀវអាចជ្រើសរើសតិចឬច្រើនតាមគោលដៅ ដែលចង់ទៅទស្សនា។ រីឯសេវាកម្មហូបចុក សហគមន៍អាចរៀបចំជូនភ្ញៀវជាប្រភេទសាច់មាន់ និងសាច់ត្រី តាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ តែត្រូវកម្ម៉ងមុន។ សម្រាប់សេវាកម្មស្នាក់នៅ មានតង់សម្រាប់ភ្ញៀវជាក្រុម តាមគោលដៅដែលចង់ទៅបោះតង់ តំបន់ទឹកធ្លាក់តាំងយូរ ទឹកធ្លាក់ផ្សេងទៀត និងតំបន់ថ្មហួតជាដើម។
ប្រធានសហគមន៍រូបនេះ អោយដឹងទៀតថា ចំណូលពីការជូនភ្ញៀវទេសចរ លក់សំបុត្រ សហគមន៍យកទៅប្រើប្រាស់ និងផ្តល់ជូនសមាជិក ដែលជាជួយប្រមូលសំរាម ឬក៏ដុតកម្ទេចចោល និងជួសជុលផ្លូវឡើងភ្នំ ដើម្បីផ្តល់ភាពងាយស្រួលជូនភ្ញៀវទេសចរមកកម្សាន្តសហគមន៍តាំងយូរ។
សូមបញ្ជាក់ថា តំបន់ភ្នំត្បែងមានជ័យ បានដាក់ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិ កាលពីថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៦ ភ្នំត្បែងមានជ័យមានផ្ទៃដីប្រមាណជាង២ម៉ឺន៥ពាន់ហិចតា គ្រប់ដណ្តប់ចំនួន៥ស្រុក ក្នុងខេត្តព្រះវិហារ និងមាន៣សហគមន៍ គឺសហគមន៍ដាតាវឹក សហគមន៍ចាក់អង្រែ និងសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner