អតីតយុទ្ធជនសង្គ្រាមកូរ៉េសុបិនចង់ឃើញសន្តិភាពពិតប្រាកដ

សេអ៊ូល៖ អតីតយុទ្ធជនសង្គ្រាមកូរ៉េ សុបិនចង់ឃើញសន្តិភាពពិតប្រាកដ នៅលើឧបទ្វីប ដែលកំពុងបែកបាក់។

អតីតយុទ្ធជនសង្គ្រាមកូរ៉េចងចាំពីភាពរន្ធត់នៃសង្រ្គាម ហើយនិយាយអំពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការធ្វើជាសាក្សីនៃការបញ្ចប់សង្រ្គាម ដែលពួកគេធ្លាប់បានចូលរួមប្រយុទ្ធ។

អរិភាពនៃសង្គ្រាមកូរ៉េបានបញ្ចប់ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៥៣ ជាមួយនឹងបទឈប់បាញ់ ដោយគ្មានសន្ធិសញ្ញាសន្តិភាពនៅឡើយ ដែលមានន័យថា កូរ៉េទាំងពីរ នៅតែស្ថិតក្នុងសង្គ្រាម តាមលក្ខណៈបច្ចេកទេស។

ទំនាក់ទំនងរវាងកូរ៉េទាំងពីរគឺស្ថិតនៅចំណុចទាបបំផុត ចាប់តាំងពីការចរចារបានជាប់គាំង ហើយកូរ៉េខាងជើងដែលប្រដាប់ ដោយអាវុធនុយក្លេអ៊ែររបស់គីម ជុងអ៊ុន ដោយបានគំរាមកំហែងកូរ៉េខាងត្បូង ជាមួយនឹង “ការបំផ្លិចបំផ្លាញ” ហើយក៏ស្របពេលដែលរដ្ឋបាលទីក្រុង សេអ៊ូល បង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយសម្ព័ន្ធមិត្តយូរអង្វែង គឺសហរដ្ឋអាមេរិក។

លោក រីយូ (Ryu) ធ្លាប់ជាសិស្សសាលាម្នាក់ នៅពេលដែលលោកត្រូវបានគេដាក់ពង្រាយ ដើម្បីប្រយុទ្ធសម្រាប់កូរ៉េខាងត្បូង បន្ទាប់ពីត្រូវបានឈ្លានពានដោយកូរ៉េខាងជើងកុម្មុយនិស្ត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ១៩៥០ ខណៈដែលទីក្រុងព្យុងយ៉ាងព្យាយាមបង្រួបបង្រួមដោយបង្ខំ នូវឧបទ្វីបដែលបែងចែក ដោយទីក្រុងមូស្គូ និងវ៉ាស៊ីនតោន នៅចុងបញ្ចប់នៃសង្គ្រាមលោក លើកទីពីរ។

ឥឡូវនេះ បុរសវ័យ៩១ឆ្នាំរូបនេះ និយាយថា អ្វីដែលលោកចង់ធ្វើជាសាក្សីនៅក្នុងឆ្នាំដែលនៅសល់របស់លោក គឺជាចុងបញ្ចប់ពិតប្រាកដនៃសង្រ្គាម ដែលលោកធ្លាប់បានប្រយុទ្ធ។

លោកបាននិយាយថា “សង្រ្គាមមិនត្រូវអនុញ្ញាតឱ្យកើតឡើងម្តងទៀតទេ” ទោះបីជាលោកមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការផ្ទុះឡើងនៃការប្រយុទ្ធគ្នាជាថ្មី លើអ្វីដែលមនុស្សជាច្រើនបានហៅថា «ព្រំដែនចុងក្រោយនៃសង្រ្គាមត្រជាក់» ក៏ដោយ។

លោកបានមានប្រសាសន៍ថា “វាគឺជាបំណងរបស់ខ្ញុំ ក្នុងការបង្រួបបង្រួមខាងជើង និងខាងត្បូងដោយដៃរបស់ខ្ញុំ ដើម្បីសម្រេចបានឧបទ្វីបបង្រួបបង្រួមឡើងវិញ”។

កូរ៉េខាងជើង ដែលជាកន្លែងដែលមានរបាយការណ៍ថ្មីៗអំពីការអត់ឃ្លាន ត្រូវបានគ្រប់គ្រងដោយគ្រួសារ គីម ជំនាន់ទី ៣ ដែលត្រូវគិតលើការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។

រីឯកូរ៉េខាងត្បូង ឥឡូវនេះ គឺជាមហាអំណាចសេដ្ឋកិច្ចទី ១០ របស់ពិភពលោក ជាប្រទេសលទ្ធិប្រជាធិបតេយ្យ និងជាមហាអំណាចវប្បធម៌ពិភពលោក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner