សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណឯកឧត្តម ស៊ី ជីនពីង ដែលអបអរសាទរសម្រាប់ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតជូនចំពោញឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ថ្លែងអំណរគុណយ៉ាងស្មោះ អស់ពីដួងចិត្តចំពោះពាក្យពេចន៍អបអរសាទររបស់ឯកឧត្តម ផ្ញើជូនខ្ញុំ សម្រាប់ជ័យជំនះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា (CPP) ក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការកោតសរសើរចំពោះ សមិទ្ធផលក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំរបស់ CPP។
តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងស្មោះ អស់ពីដួងចិត្តចំពោះពាក្យពេចន៍អបអរសាទររបស់ឯកឧត្តម ផ្ញើជូនខ្ញុំ សម្រាប់ជ័យជំនះភ្លូកទឹកភ្លូកដីរបស់ គណបក្សប្រជាជនកម្ពុជា (CPP) ក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការកោតសរសើរចំពោះ សមិទ្ធផលក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំរបស់ CPP។
ឆ្លៀតឱកាសនេះ ខ្ញុំសូមអបអរសាទរប្រទេសចិន ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់គណបក្សកុម្មុយនីស្តចិន (CPC) ដែលមាន ឯកឧត្តម ជាស្នូល សម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលជា មូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីសម្រេចនូវគោលដៅ ១០០ឆ្នាំ ទី២ ឆ្ពោះទៅសម្រេចនូវប្រជាជាតិដ៏រុងរឿងបំផុត ក្នុងអនាគតដ៏ខ្លីខាងមុខ ក៏ដូចជាធានាបាននូវតួនាទីដ៏សំខាន់របស់ចិន ក្នុងតំបន់និងឆាកអន្តរជាតិ។
ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយសង្កេតឃើញថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង CPP និង CPC បន្តរីកចម្រើនកាន់តែខ្លាំងក្លា ហើយប្រទេសទាំងពីររក្សាបាននូវចំណងមិត្តភាពដ៏ល្អប្រសើរ រហូតក្លាយទៅជាសហគមន៍វាសនារួម និងមិត្តភាពដែកថែប។ ខណៈដែលកម្ពុជាស្ថិតនៅក្នុងដំណើរការនៃការបង្កើតរដ្ឋាភិបាលថ្មី ខ្ញុំសូមធានាចំពោះឯកឧត្តមថា គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន គឺមិនផ្លាស់ប្ដូរឡើយ។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានពីខ្ញុំ ព្រមទាំងសូមជូនពរ ឯកឧត្តម ទទួលបាននូវសុខភាពល្អ និងទទួលបានជោគជ័យបន្ថែមទៀតក្នុងគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម៕

