គ.ជ.ប សម្រេចតម្កល់ពាក្យបណ្តឹងទាំងប្រាំ នៃគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតថ្នាក់ខេត្តទុកជាបានការ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបើកសវនាការដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួនប្រាំទាក់ទិននឹងការញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោតនោះបានសម្រេចតំកល់ពាក្យបណ្តឹងទាំងប្រាំនៃគណ:កម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្តទុកជាបានការ។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៣គ.ជ.បបានបើកបើកសវនាការលើ បណ្តឹងទាំងប្រាំនេះមានដូចជា៖លេខ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ។លេខ ០០២ និងលេខ ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣។ លេខ ០០៤ និងលេខ ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៣។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងក្រោយបញ្ចប់សវនាការដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួនប្រាំ ទាក់ទិននឹងការញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោតនាកន្លងមកនេះថា៖គ.ជ.បបានបើកសវនាការតាមរយៈក្រុមប្រឹក្សាជំនុំជម្រះលើបណ្តឹងចំនួន ៥ ដែលក្នុងនេះមកពីខេត្តកំពង់ចាមចំនួន ១ ខេត្តប៉ៃលិន ២ និងត្បូងឃ្មុំចំនួន ២។
ឯកឧត្តមបានថ្លែងថា “មានសំណួរមួយសួរថាសកម្មភាពហ្នឹងធ្វើឱ្យប៉ះពាល់ ឬបំពានលើច្បាប់ឬក៏អត់?។ជាការពិតណាស់គណ:កម្មាធិការបានស៊ើបអង្កេតមួយត្រូវបានបង្កើតឡើង ហើយត្រូវបានរកឃើញយ៉ាងពិតប្រាកដ។អញ្ចឹងការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏មានការពិនិត្យទៅលើអង្គហេតុ អង្គច្បាប់បន្ថែម ហើយជាខ្លឹមសារសរុបយើងអាចជម្រាបជូនបានថាអង្គសវនាការគ.ជ.បសម្រេចតម្កល់សេចក្តីសម្រេចរបស់សក្រុមប្រឹក្សាជំនុំជម្រះ នៃគណ:កម្មការរៀបចំការបោះឆ្នោតខេត្តទុកជាបានការដែលមានន័យថានៅតែរក្សាដាក់ពិន័យបង់ប្រាក់ ចាប់ពី១០ ទៅ១៥លានរៀល ពិន័យដោយលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងមានការដកសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោតជាដើម។

ឯកឧត្តម ហង្ស ពុទ្ធា បានលើកឡើងដោយបញ្ជាក់បន្ថែមថា ក្រោយការសម្រេចរបស់អង្គសវនាការថ្ងៃនេះមកយ៉ាងយូរ ៧២ ម៉ោង សាមីខ្លួនពាក់ព័ន្ធ ត្រូវបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ និងព្រមជាមួយគ្នាយ៉ាងយូរបំផុតក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកការដោះស្រាយ ហើយសេចក្តីសម្រេចបិទការតវ៉ាយ៉ាងយូរ១០ថ្ងៃ។ករណីមិនមានការប្តឹងបន្តក្នុងរយៈពេល ៧២ម៉ោងទៅក្រុមប្រឹក្សាធម្មនុញ្ញទេបានន័យថា ការអន្តវត្តច្បាប់ចាត់ទុកថាចូលជាធរមានហើយ។
គួររំលឹកថាបើយោងតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតត្រង់មាត្រា១៤២ថ្មីបានចែងថា ត្រូវផាកពិន័យជាប្រាក់ពី៥លានរៀលទៅ២០លានរៀលដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងៗ ចំពោះជនណាដែលញុះញង់ប្រជាពលរដ្ឋមានសិទិ្ធបោះឆ្នោតមិនឱ្យទៅចុះឈ្មោះបោះឆ្នោត, បង្កការអុកឡុក រារាំងសកម្មភាពក្នុងទីកន្លែងដែលពិនិត្យ និងចុះឈ្មោះបោះឆ្នោត ឱ្យអ្នកគាំទ្រឬអ្នកបោះឆ្នោតប្រព្រឹត្តអំពើមិនគប្បីផ្សេងៗទៅលើបេក្ខជន ឬគណបក្សដទៃ, រារាំង ញុះញង់ពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត បង្កការរំខានផ្សេងៗ និងធ្វើឱ្យខូចរបៀបរៀបរយនៅក្នុងពេលបោះឆ្នោត៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner