អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ជាសមិទ្ធផល ដ៏ធំធេងសម្រាប់កម្ពុជា»

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បាន បញ្ចេញ ផ្សាយនូវវីដេអូផ្លូវការក្រោមចំណងជើងថា  «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ជា សមិទ្ធផលដ៏ធំធេងសម្រាប់កម្ពុជា»។

វីដេអូនេះ បានបង្ហាញអំពីដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាង រាស្ត្រអាណត្តិ ទី៧ កាលពីថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ ថាបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរស្ងប់ស្ងាត់គ្មានអំពើហិង្សា និងគ្មានភាពមិនប្រក្រតីណាមួយបានកើតឡើងនោះឡើយ។ ខ្លឹមសារវីដេអូ បានបញ្ជាក់ថា អត្រានៃប្រជាពលរដ្ឋដែលបានចូលរួមបោះឆ្នោតមានចំនួនច្រើនលើសលប់ គឺរហូតដល់ទៅ ៨៤,៥៩ភាគរយឯណោះ។

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានចាត់ទុកដំណើរការបោះឆ្នោតនេះថាជាការបោះឆ្នោតមួយដែលបានកើតឡើងយ៉ាងល្អក្នុងបរិយាកាស សុខសន្តិភាព និងជោគជ័យដែលឆ្លុះបញ្ចាំងអំពីប្រជាធិបតេយ្យសេរីពហុបក្សយ៉ាងពិតប្រាកដ។ ការបោះឆ្នោតឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅដោយរលូន និងស្ថិតនៅក្រោមក្រសែភ្នែក របស់អ្នកសង្កេតការណ៍ជាតិជិត៩ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិមកពី៦៥ប្រទេសនិង ស្ថាបន័អន្តរជាតិ។

គណបក្សនយោបាយចំនួន ១៨ បានចូលរួមប្រកួតប្រជែងយ៉ាងសកម្មដើម្បីដណ្តើមយកអាសនៈនៅក្នុងរដ្ឋសភា។ លទ្ធផលបណ្តោះអាសន្នក្រៅផ្លូវការបានបង្ហាញថា មានគណបក្សនយោបាយចំនួន.២បានទទួលអាសនៈក្នុងរដ្ឋសភាក្នុងនោះ គឺគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ដោយទទួលអាសនៈក្នុង រដ្ឋសភាបានចំនួន១២០អាសនៈ និងគណបក្សហ៊្វុនស៊ីនប៉ិច ទទួលបាន៥អាសនៈ។ ដូច្នេះ រដ្ឋសភា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នេះ គឺជារដ្ឋសភាពហុបក្សដែលប្រជាពលរដ្ឋខ្មែរ បានសម្រេចជ្រើសរើសតាមរយៈសន្លឹកឆ្នោត។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភា ឆ្នាំ ២០២៣នេះ គឺជាសមិទ្ធផលដ៏ធំធេងនិងមានអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាសម្រាប់ប្រជាពលរដ្ឋខ្មែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner