ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៤១វត្ត ក្នុងខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៤១វត្ត ក្នុងខេត្តព្រះសីហនុ នាបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈ គិរីនាគវ័ន ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថៃ្ងព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អាជ្ញាធរខេត្ត និងមន្រ្តីរាជការក្នុងខេត្តយ៉ាងច្រើនកុះករ ។

សូមជម្រាបថា ៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ រយៈពេល ០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។

ប្រជាពលរដ្ឋ ដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យ ដោយនាំយកជាទានព្រះវស្សា សាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅ ប្រគេនព្រះសង្ឃតាមលទ្ធភាពរៀងៗខ្លួន ។

សូមបញ្ជាក់ថា ៖ ទេយ្យទានដែលឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ប្រគេនដល់ព្រះសង្ឃទាំង ៤១វត្ត ក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តទទួលបាន ទានវស្សា១គូ អង្ករ ១០០គីឡូក្រាម មី២កេសធំ ត្រីខកំប៉ុង ២កេសធំ ទឹកត្រី ៦យួរ ទឹកសុីអុីវ ៦យួរ ទឹកក្រូច ៦កេស ខារ៉ាប៉ាវ ៦កេស ទឹកសុទ្ធ ១០កេស ទឹកដោះគោខាប់ ២កេស ស្ករស ៦គីឡូ តែ ៦កញ្ចប់ និង ប្រគេនព្រះសង្ឃក្នុងមួយអង្គ មានសាដក់១ បច្ច័យ ២០មុឺនរៀល និងបច្ច័យកសាងវត្ត ក្នុងមួយវត្ត ១លានរៀល ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner