រដ្ឋាភិបាលឥណ្ឌាប្រឈមនឹងការបោះឆ្នោតដកសេចក្ដីទុកចិត្ត ដោយសារការប៉ះទង្គិចគ្នារវាងជនជាតិភាគតិច
ញូវដែលី៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សភាឥណ្ឌាបានសម្រេចអនុញ្ញាតឱ្យសម្ព័ន្ធភាពនៃគណបក្សប្រឆាំង ធ្វើការបោះឆ្នោតដកសេចក្ដីទុកចិត្តទៅលើរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) ដើម្បីបង្ខំឱ្យលោកយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប៉ះទង្គិចគ្នារវាងជនជាតិភាគតិចនៅរដ្ឋភាគឦសានមួយ។
យ៉ាងណាក៏ដោយ គណបក្សបារ៉ាទីយ៉ា ចាណាតា ឬហៅកាត់ជាភាសាអង់គ្លេសថា BJP របស់លោក ម៉ូឌី មានសំឡេងភាគច្រើននៅក្នុងសភាជាន់ទាបរហូតដល់ទៅ ៣០១ អាសនៈនៃចំនួនសរុប ៥៤២ អាសនៈ ដូច្នេះការបោះឆ្នោតដកសេចក្ដីទុកចិត្តនឹងមិនប៉ះពាល់ដល់ស្ថិរភាពគណបក្សរបស់លោក ម៉ូឌី នឹងរូបលោកផ្ទាល់នោះទេ។
ផ្ទុយទៅវិញ គណបក្សប្រឆាំងហាក់គ្រាន់តែចង់បង្កលក្ខណៈឱ្យមានការជជែកវែកញែកអំពីអំពើហិង្សាដែលកំពុងកើតមាននៅក្នុងរដ្ឋម៉ានីផូ (Manipur) ដែលគ្រប់គ្រងដោយគណបក្ស BJP និងដែលជាកន្លែងមនុស្សជាង ១៣០ នាក់ត្រូវបានសម្លាប់ និង ៦ម៉ឺននាក់ ត្រូវផ្លាស់ទីលំនៅចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពីដើមខែឧសភា។
គួរបញ្ជាក់ថា សេចក្ដីសម្រេចបោះឆ្នោតដកសេចក្ដីទុកចិត្តនេះ ត្រូវបានអនុម័តដោយប្រធានសភាជាន់ទាប លោក អូម បឺឡា (Om Birla)។ លោកបានលើកឡើងថា លោកនឹងកំណត់កាលវិភាគសម្រាប់ការជជែកដេញដោល និងបោះឆ្នោតក្នុងពេលឆាប់ៗខាងមុខនេះ។
គួរដឹងដែរថា ភាពតានតឹងនៅតំបន់ជនជាតិភាគតិចនៅក្នុងរដ្ឋតូចមួយដែលមានប្រជាជនចំនួន ៣,២ លាននាក់ត្រូវបានចាត់ទុកថាជាបញ្ហាសន្តិសុខ និងជារឿងដែលរដ្ឋាភិបាលរបស់លោក ម៉ូឌី បរាជ័យក្នុងការដោះស្រាយ។ ហើយបញ្ហានេះ នឹងអាចជះឥទ្ធិពលដល់សំឡេងឆ្នោតរបស់លោកនៅអំឡុងពេលបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
កាលពីថ្ងៃពុធ មន្ត្រីប៉ូលិសឥណ្ឌាក្នុងតំបន់ម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា ក្រុមប្រដាប់អាវុធបាននាំគ្នាដុតកម្ទេច និងបំផ្លាញផ្ទះបោះបង់ចោលមួយចំនួន ការិយាល័យរដ្ឋាភិបាល និងរថយន្តជាច្រើនគ្រឿងនៅក្នុងស្រុកចំនួនពីរនាទីក្រុងម៉ានីផូ។
គិតត្រឹមសប្តាហ៍មុន លោក ម៉ូឌី មិនបានធ្វើការឆ្លើយតបជាសាធារណៈជុំវិញអំពើហិង្សាដែលកើតមានទាំងអស់នោះទេ។ ប៉ុន្តែ នៅពេលដែលមានវីដេអូលេចចេញបង្ហាញឱ្យឃើញស្ត្រីពីរនាក់ដែលកំពុងដើរក្នុងស្ថានភាពអាក្រាតកាយនៅក្នុងទីក្រុងម៉ានីផូ និងត្រូវបានហ្វូងមនុស្សធ្វើបាបដោយបានបៀតបៀនពួកគេ បានបង្កឱ្យសាធារណៈជនទូទាំងប្រទេសមានការខឹងសម្បារយ៉ាងខ្លាំង។
ជាការឆ្លើយតបនឹងឧបទ្ទវហេតុនេះ លោក ម៉ូឌី បានប្រកាសថ្កោលទោសទង្វើរបស់ក្រុមនោះថាជាទង្វើដ៏អាម៉ាស់ ហើយបានសន្យាថា លោកនឹងដាក់ចេញនូវចំណាត់ការប្រឆាំងនឹងពិរុទ្ធជនទាំងនោះ។ បន្ថែមលើនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អាមីត ហ្សា (Amit Shah) ក៏បានចេញសេចក្តីថ្លែងការណ៍ថា សន្តិសុខផ្ទៃក្នុងគឺជាការទទួលខុសត្រូវរបស់ក្រសួងរបស់លោក។
គួរដឹងដែរថា អំពើហិង្សានៅក្នុងរដ្ឋម៉ានីផូនេះ បានចាប់ផ្តើមកើតឡើងនៅថ្ងៃទី៣ ខែឧសភា។ លោក ហ្សាស៊ី ថារ៉ូ (Shashi Tharoor) មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់មួយរូបបានលើកឡើងថា រដ្ឋាភិបាលត្រូវតែវិនិយោគពេលវេលាដើម្បីឆ្លើយតបនឹងការចោទសួរអំពីបញ្ហាផ្សេងៗនៅទីក្រុងម៉ានីផូ។ លោកបានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា «មនុស្សគ្រប់គ្នាដឹងហើយថា ទីក្រុងម៉ានីផូ កំពុងកើតមានការបាត់បង់ជីវិតដ៏គួរឱ្យរន្ធត់ដោយសារតែអំពើហិង្សា ការរំលោភផ្លូវភេទ និងការផ្លាស់ទីលំនៅ។ ហេតុអ្វីទាំងអស់នេះមិនមែនជារបៀបវារៈសំខាន់ (របស់រដ្ឋាភិបាល)?»៕ ប្រែសម្រួលដោយ៖ ធា សុណា