ចំនួនប្រជាជនជប៉ុនកំពុងធ្លាក់ចុះខ្លាំង ខណៈដែលចំនួនជនបរទេសកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន
តូក្យូ៖ ចំនួនប្រជាជនរបស់ប្រទេសជប៉ុន បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខេត្តចំនួន ៤៧ ខណៈដែលចំនួនជនបរទេសបានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ពោលគឺបានឈានដល់ចំនួនជិតបីលាននាក់ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ តួលេខនេះបានបង្ហាញឱ្យឃើញពីសារៈសំខាន់នៃការកើនឡើងចំនួនជនបរទេសដែលទៅរស់នៅក្នុងប្រទេសជប៉ុន នៅក្នុងបរិបទដែលប្រជាជនជប៉ុនមានការថយចុះ និងចំនួនប្រជាជនវ័យចំណាស់មានការកើនឡើង។
គួរដឹងដែរថា នៅឆ្នាំ២០២២ ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះប្រហែល ៨ សែននាក់ ស្មើនឹង ០,៦៥ភាគរយ មកនៅត្រឹម ១២២,៤ លាននាក់។ តួលេខនេះបានបង្ហាញឱ្យឃើញពីការធ្លាក់ចុះរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា នេះបើយោងតាមទិន្នន័យពីក្រសួងមហាផ្ទៃ និងទំនាក់ទំនងដោយផ្អែកលើការចុះឈ្មោះស្នាក់នៅគិតត្រឹមខែមករា ក្នុងឆ្នាំ២០២៣នេះ។
ក្រសួងបានឱ្យដឹងថា ចំនួនប្រជាជនសរុបរបស់ប្រទេសជប៉ុនមានចំនួន ១២៥,៤១ លាននាក់ ដោយធ្លាក់ចុះជាងកន្លះលាននាក់ធៀបនឹងឆ្នាំមុន ហើយមានការកើនឡើង ១០,៧ភាគរយ នៃជនបរទេសដែលមានអាសយដ្ឋានដែលបានចុះបញ្ជីនៅក្នុងប្រទេសជប៉ុន។
ក្រសួងបានបន្ថែមថា ចំនួនប្រជាជនបរទេសនៅក្នុងប្រទេសជប៉ុន មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺចាប់តាំងពីក្រសួងបានចាប់ផ្តើមធ្វើស្ថិតិក្នុងឆ្នាំ២០១៣ មក។ ឥឡូវនេះ ប្រជាជនបរទេសមានចំនួនប្រហែល ២,៤ភាគរយនៃចំនួនប្រជាជនជប៉ុនសរុប។ បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០០៨ ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះជាលំដាប់ដោយសារអត្រាកំណើតធ្លាក់ចុះ។ គួរបញ្ជាក់ថា ប្រទេសនេះមានអត្រាកំណើតត្រឹមតែ ៧៧១.៨០១ នាក់ប៉ុណ្ណោះកាលពីឆ្នាំមុន។
នាយករដ្ឋមន្ត្រីលោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បានកំណត់ថា ការធ្លាក់ចុះអត្រាកំណើតគឺជាគោលដៅចម្បងដែលលោកត្រូវបង្កើតគោលនយោបាយដោះស្រាយ ហើយបានសន្យាថា លោកនឹងធានាបាននូវមូលនិធិប្រចាំឆ្នាំប្រហែល ២៥,២ ប៊ីលានដុល្លារ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ សម្រាប់ផ្ដល់ជាកញ្ចប់ថែទាំកុមារ ដែលរួមមានការសម្រាលកូន និងការចិញ្ចឹមកូន ប្រាក់ឧបត្ថម្ភផ្សេងៗ និងប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ការអប់រំឧត្តមសិក្សា។
កាលពីខែមុន ខុទ្ទកាល័យរបស់លោក គីស៊ីដា បានអនុម័តផែនការពង្រីកវិសាលភាពនៃប្រភេទការងារដែលត្រូវបានអនុញ្ញាតសម្រាប់ពលករបរទេស ដោយបើកឱ្យមានការស្នាក់នៅអចិន្ត្រៃយ៍នាពេលអនាគត។ នេះជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងប្រទេសជប៉ុនដែលត្រូវបានគេស្គាល់ថាជាប្រទេសដែលមានគោលនយោបាយអន្តោប្រវេសន៍រឹតត្បិតខ្លាំង ហើយវាក៏ជាដំណោះស្រាយមួយដើម្បីទប់ទល់នឹងចំនួនប្រជាជនដែលកំពុងធ្លាក់ចុះ។
អ្នកជំនាញបានលើកឡើងថា វិធានការពាក់ព័ន្ធនឹងការកាត់បន្ថយការពន្យារកំណើតដែលបានស្នើឡើង ភាគច្រើនជាការផ្តល់មូលនិធិបន្ថែមសម្រាប់កូនដែលមានស្រាប់ ហើយមិនបានដោះស្រាយបញ្ហាមូលដ្ឋានឡើយ។ អ្នកជំនាញបានបន្ថែមថា រដ្ឋាភិបាលអភិរក្សនិយមរបស់ប្រទេសជប៉ុន ត្រូវដំឡើងប្រាក់បៀវត្សរ៍ កែលម្អលក្ខខណ្ឌការងារ និងធ្វើឱ្យសង្គមកាន់តែមានភាពចម្រុះសម្រាប់ជនជាតិភាគតិច និងអ្នកដែលមានដើមកំណើតមិនមែនជាជនជាតិជប៉ុន ដើម្បីទាក់ទាញពលករបរទេសឱ្យផ្លាស់ប្ដូរទៅរស់នៅប្រទេសជប៉ុន៕ ប្រែសម្រួលដោយ៖ ធា សុណា