បណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាដាច់ខាតការពារសន្តិភាពកម្ពុជា (Video Inside)
អនាគតនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្តេជ្ញាគោរពតាមសារបណ្តាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលក្រើនរំលឹកការការពារសន្តិភាព។
សម្តេចតេជោបានសរសេរតាមសារបណ្តាញសង្គម Twitter កាលពីថ្ងៃទី២៦កក្កដាថា ក្នុងពេលដែលបានក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាហើយ «ត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន»។
បណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ការប្តេជ្ញាចិត្តវិញថា «បណ្តាំរបស់ពុក, កូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឲ្យបានដាច់ខាត នៅក្នុងគ្រប់កាលៈទេសៈ»។
បណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២១ ត្រូវបានជ្រើសតាំងជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជំនះភ្លូកទឹកភ្លូកដី។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា យោងតាមប្រតិទិនរៀបចំ បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីសម្រាប់អាណ្ណត្តិទី៧នៅថ្ងៃទី២២សីហាខាងមុខនេះ។