សម្តេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំចិនបញ្ជាក់ការត្រៀមខ្លួនធ្វើកិច្ចសហការជិតស្និទ្ធ (Video Inside)

ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានធ្វើលិខិតមួយនៅថ្ងៃទី២៧ កក្កដា ឆ្លើយតបចំពោះប្រធានាធិបតីចិន ដែលបានអបអរសាទរចំពោះសម្តេច និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី២៣ កក្តដា។

សារលិខិតរបស់ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៣ បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងបញ្ជាក់ថា «ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ »។

មេដឹកនាំប្រទេសចិនលោក ស៊ី ជីនពីង ក្នុងសារលិខិតមួយរបស់លោកកាលពីថ្ងៃទី២៥កក្កដា បានសរសេរមកសម្តេចថា «ប្រទេសចិននឹងបន្តគាំទ្រដល់កម្ពុជា ដើម្បីបន្តជំហានអភិវឌ្ឍប្រទេស ដែលសក្តិសមនឹងលក្ខខណ្ឌរបស់ជាតិ» និងបន្តថា «នៅក្រោមភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា នឹងបន្តសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ សម្រាប់វិបុលភាព នៃប្រទេសជាតិ និងសុខមាលភាពប្រជាជន ខណៈចូលរួមចំណែក ក្នុងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់»។

សម្តេចតេជោ ហ៊ុន សែន ក្នុងសារលិខិតឆ្លើយតបបានថ្លែងបញ្ជាក់ទៅវិញថា «តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះពាក្យពេចន៍អបអរសាទររបស់ឯកឧត្តម ផ្ញើជូនខ្ញុំ សម្រាប់ជ័យជំនះភ្លូកទឹកភ្លូកដី របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការកោតសរសើរចំពោះ សមិទ្ធផលក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា»។

ads banner