អភិបាលខេត្តស្វាយរៀង ក្រើនរំលឹកមន្ត្រីសុខាភិបាល ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អគុណភាពសេវា ២៤ម៉ោង លើ២៤ម៉ោង

អត្ថបទដោយ៖
នុត នាង

(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងក្រើនរំលឹកដល់មន្ត្រីសុខាភិបាល ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អគុណភាពសេវា ដោយមានបែងចែកវេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបែបនេះ នៅក្នុងពិធីប្រគល់ប័ណ្ណសរសើរ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួម ជាង ៥៦០នាក់ ។

ឯកឧត្តមអភិបាលខេត្ត បន្តថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ប័ណ្ណសរសើរជូនមន្ត្រីសុខាភិបាល នាឱកាសនេះ គឺពិតជាសរបញ្ជាក់ឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះ ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារប្រកបដោយគុណតម្លៃ និងស្នាដៃល្អប្រសើរជូនជាតិមាតុភូមិ ជាពិសេសនៅក្នុងកិច្ចការប្រតិបត្តិការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ។

ឯកឧត្តម ម៉ែន វិបុល បានថ្លែងផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់នូវកិច្ចការសំខាន់ៗមួយចំនួន ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលទូទាំងខេត្តស្វាយរៀង បានកាន់តែល្អប្រសើរថែមទៀត ៕

នុត នាង

ads banner