អភិបាលខេត្តស្វាយរៀង ស្នើមន្ត្រីសុខាភិបាល គោរពក្រមសីលធម៌ និងខិតខំកែលម្អគុណភាពសេវា
ស្វាយរៀង៖អភិបាលខេត្តស្វាយរៀងឯកឧត្តម ម៉ែន វិបុល បានជំរុញដល់មន្ត្រីសុខាភិបាលទាំងអស់ គោរពក្រមសីលធម៌វិជ្ជាជីវៈនិងខិតខំកែលម្អគុណភាពសេវាសុខភាពជូនប្រជាពលរដ្ឋឱ្យបានល្អបន្ថែមទៀត និងចូលរួមលុបបំបាត់ឱសថក្លែងក្លាយដែលនឹងបង្កផលប៉ះពាល់ដល់សុខុមាលភាពសាធារណៈ។
ការជំរុញនិងស្នើនេះ បានធ្វើឡើងនៅក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលជូនថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កាលព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ។
នាឱកាសនោះឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានធ្វើការណែនាំទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ឱ្យខិតខំបំពេញនូវកិច្ចការភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ដោយត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការងារ គោរពម៉ោងពេលបម្រើការងារនៅតាមបណ្ដាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ពិសេសយកចិត្តទុកដាក់ខ្ពស់ថែរក្សាបរិស្ថានអនាម័យឱ្យបានស្អាតល្អទាំងនៅក្នុង និងក្រៅបរិវេណមន្ទីរពេទ្យ។
ទន្ទឹមគ្នានេះ លោកក៏បានស្នើដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អគុណភាពសេវា ដោយធ្វើយ៉ាងណាក្រុមគ្រូពេទ្យទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យ ដោយត្រូវប្រើឥរិយាបទ និងពាក្យសម្តីឱ្យបានសមរម្យ និងមិនត្រូវរើសអើងជាមួយប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលមកទទួលសេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋជាដាច់ខាត។
ជុំវិញចំណុចនេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូនៅថ្ងៃទី ២៨ ខែកក្កដា ថ្លែងថា ក្នុងនាមជាអង្គការសង្គមស៊ីវិលគាំទ្រចំពោះការជំរុញឱ្យគ្រូពេទ្យទាំងអស់ ទាំងនៅមន្ទីរពេទ្យរដ្ឋ និងឯកជន គោរពនូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យល្អ។ លោកថា៖« ត្រូវគិតពីតម្លៃជីវិតមនុស្សធំជាងលុយ ទោះបីប្រជាពលរដ្ឋដែលមកព្យាបាលជំងឺគ្មានប្រាក់ ត្រូវពិនិត្យព្យាបាលជូនពួកគាត់ ដោយយកចិត្តទុកដាក់ខ្ពស់ ជាមួយពាក្យសំដីសមរម្យ»៕
អត្ថបទ៖ បូរ ពេជ្រហ្សាលីន