កូរ៉េខាងជើងបង្ហាញមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក ក្រោមវត្តមានចិន-រុស្សី ក្នុងក្បួនដង្ហែយោធាដ៏ធំសម្បើមនាទីក្រុងព្យុងយ៉ាង
ព្យុងយ៉ាង៖ នៅថ្ងៃសុក្រទី២៨ខែកក្កដានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបង្ហាញនូវមីស៊ីលដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរថ្មី និងយន្តហោះគ្មានមនុស្សបើកសម្រាប់វាយប្រហារថ្មីរបស់ខ្លួន នៅក្នុងក្បួនដង្ហែយោធាដ៏ធំមួយដែលបានធ្វើឡើងនៅទីក្រុងព្យុងយ៉ាងនៅចំពោះមុខមេដឹកនាំគីម ជុងអ៊ុន និងគណៈប្រតិភូមកទស្សនកិច្ចពីប្រទេសចិន និងរុស្ស៊ី។
ក្បួនដង្ហែយោធាដ៏ធំសម្បើម ត្រូវបានធ្វើឡើងនៅយប់ថ្ងៃព្រហស្បតិ៍ គឺជាការប្រារព្ធខួបលើកទី ៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ។ នៅក្នុងប្រទេសកូរ៉េខាងជើងការប្រារព្ធទិវានេះត្រូវបានគេចាត់ទុកថាជា «ថ្ងៃជ័យជម្នះ»។
គណៈប្រតិភូចិន និងរុស្ស៊ី រួមទាំងរដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu គឺជាគណៈប្រតិភូដំបូងគេដែលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីជំងឺរាតត្បាតកូវីត១៩ បានបញ្ចប់។
លោក គីម និងរដ្ឋមន្ត្រីការពារជាតិរុស្សី Shoigu និងសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន លោក Li Hongzhong បានជជែកគ្នា និងស្វាគមន៍ នៅពេលដែលទាហានកូរ៉េខាងជើងដើរក្បួន ហើយអាវុធបានរំកិលចុះក្រោម។ នេះបើយោងតាមរូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបង្ហាញ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានឱ្យដឹងដែរថា ក្បួនដង្ហែរនេះបង្ហាញទាំងមីស៊ីលឆ្លងទ្វីប Hwasong-17 និង Hwasong-18 ចុងក្រោយបង្អស់របស់កូរ៉េខាងជើងផងដែរ។ មីស៊ីលឆ្លងទ្វីបទាំងពីរប្រភេទនេះ ត្រូវបានគេជឿថាអាចបាញ់ក្នុងរយៈចម្ងាយឆ្ងាយ និងអាចវាយប្រហារគោលដៅគ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ កូរ៉េខាងជើងក៏បានសម្ងែង យន្តហោះវាយប្រហារថ្មី និងយន្តហោះស៊ើបការណ៍ផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មិនបានបញ្ជាក់ថាតើលោក គីម បានថ្លែងសុន្ទរកថាអំឡុងព្រឹត្តិការណ៍ក្បួនដង្ហែរយោធា នោះឬយ៉ាងណាទេ តែបានសង្ខេបសុន្ទរកថារបស់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងលោក Kang Sun Nam ដែលបានពណ៌នាក្បួនដង្ហែថា ជាការប្រារព្ធជាប្រវត្តិសាស្ត្រនៃ ជ័យជម្នះដ៏
អស្ចារ្យរបស់ប្រទេសកូរ៉េខាងជើងប្រឆាំងនឹងចក្រពត្តិនិយមអាមេរិកនិងថា កូរ៉េខាងជើងក្រោមការដឹកនាំរបស់លោកគីមនឹង រីកចម្រើនដោយគ្មានកំណត់៕
ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ https://www.reuters.com/world/asia-pacific/north-korea-shows-off-drones-ballistic-missiles-night-time-parade-2023-07-28/